ភាព​រីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​កំពុង​ជំរុញ​តម្រូវ​ការ​លំនៅឋាន​ប្រណីត​របស់​ទីក្រុង​ Shenzhen

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្រូវការលំនៅឋានប្រណីតរបស់ទីក្រុង Shenzhen នៃប្រទេសចិនមានការកើនឡើង ជាពិសេសពីក្រុមអ្នកជំនាញវ័យក្មេងដែលធ្វើការក្នុងឧស្សាហកម្មអេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត (AI)។

យោងតាមវិទ្យាស្ថានស្រាវជ្រាវ Leyoujia បានឱ្យដឹងថា មនុស្សដែលកើតក្នុងទសវត្សរ៍ឆ្នាំ១៩៩០ មានចំនួន៣១ភាគរយនៃការទិញផ្ទះប្រណីតដែលមានតម្លៃជាង១០លានយ័ន (ប្រហែល១,៤៨លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៥។

នៅក្នុងគម្រោងលំនៅឋានលំដាប់ខ្ពស់មួយចំនួន មនុស្សដែលកើតក្នុងទសវត្សរ៍ឆ្នាំ១៩៩០ គ្របដណ្តប់ចំនួន៧០ភាគរយនៃចំនួនអ្នកទិញសរុប។

តួយ៉ាង នៅថ្ងៃទី២៣ ខែឧសភា អាផាតមុិនទាំង៧៨យូនីតក្នុងគម្រោង Sino Bay នៅទីក្រុង Shenzhen ត្រូវបានលក់អស់ក្នុងរយៈពេល៣០នាទី។ អាផាតមុិនទាំងនេះមានតម្លៃចាប់ពី៥០លានទៅ៧៧លានយ័ន ខណៈដែលផ្ទះល្វែង penthouse មួយត្រូវបានលក់ក្នុងតម្លៃជាង២០០លានយ័ន។

ក្រុមអ្នកវិភាគលើកឡើងថា ទីផ្សារលំនៅឋានប្រណីតកំពុងទទួលបានអត្ថប្រយោជន៍ពីទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងសេដ្ឋកិច្ច និងការកើនឡើងនៃទ្រព្យសម្បត្តិក្នុងចំណោមអ្នកជំនាញបច្ចេកវិទ្យា ស្របពេលមានការកើនឡើងថ្លៃយ៉ាងគំហុកនៃភាគហ៊ុនរបស់បណ្តាក្រុមហ៊ុន AI និងបន្ទះឈីប semiconductor។

ទោះជាយ៉ាងណា កំណើននេះភាគច្រើនផ្តោតសំខាន់លើអចលនទ្រព្យលំដាប់ខ្ពស់ដែលមានទីតាំងនៅតំបន់សំខាន់ៗ ខណៈដែលទីផ្សារលំនៅឋានជាទូទៅនៅតែមិនទាន់ងើបឡើងវិញនៅឡើយ។

នៅក្នុងខែឧសភា តម្លៃផ្ទះថ្មីរបស់ទីក្រុង Shenzhen បានកើនឡើង០,៤ភាគរយ ធៀបនឹងខែមេសា ដែលជាកំណើនខ្ពស់បំផុតក្នុងចំណោមទីក្រុងលំដាប់កំពូលរបស់ប្រទេសចិន។

ទីផ្សារក៏ត្រូវបានជំរុញដោយវិធានការរបស់រដ្ឋាភិបាលផងដែរ។ នៅក្នុងខែមេសា ទីក្រុង Shenzhen បានបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះនៅក្នុងសង្កាត់សំខាន់ៗដូចជា Futian Nanshan និង Bao’an ដែលអនុញ្ញាតឱ្យពលរដ្ឋមានសិទ្ធិទិញផ្ទះបន្ថែម៕ប្រភព: SCMP៕


ចែករំលែក