សម្តេច​ធិបតី​នឹង​អញ្ជើញ​ចូលរួម​សម្ពោធ​កំណាត់​ផ្លូវជាតិលេខ៧​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ គណៈកម្មការរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកំ​ណា​ត់ផ្លូវជាតិលេខ៧ ប្រវែង៤៥,៥០គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ក្រោមក្របខណ្ឌហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិ​ក សមាជិកាគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំរៀបចំឡើង ដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងារ នៃការរៀបចំរបស់ អនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន សំដៅធានាធ្វើយ៉ាងណាឱ្យដំណើរការរៀបចំពិធីសម្ពោធនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការដែលបានគ្រោងទុក។

លោកលឹម ស៊ីដេនីន បានស្នើឱ្យថ្នាក់ដឹកនាំទទួលបន្ទុកគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយសហការជាមួយបានស្ថាប័នពាក់ព័ន្ធ ឱ្យបានល្អ ច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យថ្ងៃដំណើរការកម្មវិធី នាពេលខាងមុខមានសណ្ដា​ប់ធ្នាប់ របៀបរៀបរយ និងប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់។

កំណាត់ផ្លូវជាតិលេខ៧ ប្រវែង៤៥,៥០គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម។
ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម។

ចែករំលែក