ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនយក្ស Genting Group របស់ប្រទេសម៉ាឡេស៊ី បានប្រកាសពីគម្រោងទីក្រុងឆ្លាតវៃតម្លៃ ២០ ពាន់លានដុល្លារនៅរដ្ឋ Johor ក្នុងគោលបំណងប្រែក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា និងនវានុវត្តន៍។
គម្រោងនេះមានឈ្មោះថា «Johor Tech Smart City» គ្របដណ្ដប់លើផ្ទៃដី៩,៣ គីឡូម៉ែត្រការ៉េក្នុងទីក្រុង Kulai ជិតអាកាសយានដ្ឋានអន្តរជាតិ Senai និងក្នុងតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore។
លក្ខណៈពិសេសសំខាន់មួយនៃគម្រោងនេះគឺ Knowledge AI Campus ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI)។ ដៃគូរួមមានក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei Technologies និងក្រុមហ៊ុនមនុស្សយន្តចិន Agibot Innovation Technology។
ការអភិវឌ្ឍនេះក៏នឹងរួមបញ្ចូលផងដែរនូវកសិដ្ឋានឆ្លាតវៃដំណើរការដោយ AI ដើម្បីបង្កើនផលិតភាពកសិកម្ម តំបន់លំនៅឋានសម្រាប់ការស្នាក់នៅរយៈពេលវែង ទីលានវាយកូនហ្គោល និងការរចនាគ្រឿងបរិក្ខារដើម្បីទាក់ទាញអ្នកជំនាញអន្តរជាតិ អ្នកស្រាវជ្រាវ និងសហគ្រិន។
ក្រុមហ៊ុន Genting ប៉ាន់ប្រមាណថា គម្រោងនេះនឹងចំណាយទុនវិនិយោគចំនួន ៨០ ពាន់លានរីងហ្គីត (ប្រមាណ១៩,៧ ពាន់លានដុល្លារ) និងបង្កើតការងារប្រហែល ១០.០០០ កន្លែងនៅពេលបញ្ចប់។

គម្រោងនេះគាំទ្រដល់ផែនការចក្ខុវិស័យឆ្នាំ ២០៣០ របស់រដ្ឋ Johor ដើម្បីក្លាយជាមជ្ឈមណ្ឌលឈានមុខគេក្នុងតំបន់សម្រាប់ការវិនិយោគ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍទេពកោសល្យ។
រដ្ឋ Johor ទទួលបានអត្ថប្រយោជន៍ពីការវិនិយោគដ៏រឹងមាំលើបច្ចេកវិទ្យា AI និងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយប្រទេសសិង្ហបុរី។
សេដ្ឋកិច្ចរបស់រដ្ឋនេះបានកើនឡើង៦,៤ភាគរយក្នុងឆ្នាំ២០២៥ លឿនជាងអត្រាកំណើនសេដ្ឋកិច្ចថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ី (៥,២ភាគរយ) ខណៈ
តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore បានទាក់ទាញការវិនិយោគចំនួន៦៨ពាន់លានរីងហ្គីតក្នុងរយៈពេល៩ខែដំបូងកាលពីឆ្នាំ២០២៥៕







