សហរដ្ឋអាមេរិកអនុម័តច្បាប់ពន្លឿនការសាងសង់លំនៅឋានមានតម្លៃសមរម្យ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់មួយក្នុងគោលបំណងពន្លឿនការសាងសង់លំនៅឋានដែលមានតម្លៃសមរម្យ និងបានបញ្ជូនទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខាឱ្យចូលជាធរមាន។

សេចក្តីព្រាងច្បាប់ខាងលើត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយសំឡេងបោះឆ្នោតគាំទ្រចំនួន៨៥ ទល់នឹងសំឡេងជំទាស់ចំនួន៥។

លោក French Hill ប្រធានគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុនៃសភាតំណាងរាស្ត្រមកពីរដ្ឋ Arkansas និងជាសមាជិកគណបក្សសាធារណរដ្ឋ បានអះអាងថា «អាមេរិកកំពុងប្រឈមមុខនឹងកង្វះខាតការផ្គត់ផ្គង់លំនៅឋាន»។

លោក Hill បានបន្តថា ច្បាប់នេះនឹង «កាត់បន្ថយឧបសគ្គដែលមិនចាំបាច់ចំពោះការសាងសង់ផ្ទះថ្មី» និងធ្វើទំនើបកម្មបទប្បញ្ញត្តិធនាគារដែលហួសសម័យ ដើម្បីសម្រួលដល់ប្រាក់កម្ចីទិញផ្ទះបន្ថែមទៀតដល់ប្រជាជនដែលមានប្រាក់ចំណូលទាប។

យោងតាមការប៉ាន់ប្រមាណបានបង្ហាញថា សហរដ្ឋអាមេរិកកំពុងជួបប្រទះនឹងបញ្ហាប្រឈមខ្វះខាតលំនៅឋានដែលមានតម្លៃសមរម្យរាប់លានខ្នងនៅទូទាំងប្រទេស។

កត្តារួមផ្សំផ្សេងៗ ដូចជា អត្រាការប្រាក់លើកម្ចីទិញផ្ទះខ្ពស់ ការកើនឡើងនៃតម្លៃផ្ទះ និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានរួមចំណែកបង្កការលំបាកសម្រាប់អ្នកទិញផ្ទះ៕ប្រភព: Reuters៕


ចែករំលែក