ក្រុមហ៊ុន​លំដាប់យក្ស​របស់ចិន​កំពុង​ឈាន​ទៅ​បញ្ចប់​ការ​សិក្សា​ពី​ប្រព័ន្ធ​ដឹកជញ្ជូន​ទំនើប​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

    ប្រទេសចិនៈ  ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) បាននិងកំពុងឈានទៅបញ្ចប់ ការសិក្សាប្រព័ន្ធដឹកជញ្ជូនទំនើបនៅកម្ពុជា និងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព លើប្រព័ន្ឌដឹកជញ្ជូនទាំងនោះ។

ព័ត៌មាននេះត្រូវបានលើកឡើង លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) អមដំណើរដោយលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ​ន បានអនុញ្ញាតជូន គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) ដឹកនាំដោយលោក Wang Xiangdong ប្រធានក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបន្តបំពេញទស្សនកិច្ចការងារ ក្នុងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន CCECC បានសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសសម្រាប់ជំនួបពិភាក្សាការងារនាពេលនេះ។ លោកប្រធានក្រុមហ៊ុន បានជម្រាបជូនដោយសង្ខេបអំពីសាវតា និងសមត្ថភាពឯកទេសរបស់ក្រុមហ៊ុន CCECC ដែលជាសហគ្រាសរដ្ឋខ្នាតធំមួយរបស់ចិន មានជំនាញនិងបទពិសោធន៍ខ្ពស់ ក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមមាន៖ ការសាងសង់ស្ពាន ផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន និងតំបន់សួនឧស្សាហកម្មជាដើម។ ទាក់ទិននឹងការវិនិយោគនៅកម្ពុជា លោកWang Xiangdong ក៏បានរាយការណ៍ជូនផងដែរ អំពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន ដែលក្រុមហ៊ុនកំពុងសហការយ៉ាងសកម្មជាមួយភាគីកម្ពុជា ហើយឈានទៅបញ្ចប់ការសិក្សា សមិទ្ធិលទ្ធភាពនាពេលខាងមុខ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន CCECC ក្នុងការចូលរួមអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថា ភាគីកម្ពុជាកំពុងរង់ចាំពិនិត្យមើលលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមហ៊ុន ដែលនឹងត្រូវដាក់ជូននាពេលខាងមុខ ដើម្បីធ្វើការវាយតម្លៃមុននឹងបន្តជំហានបន្ទាប់។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការលើកទឹកចិត្ត និងជំរុញបន្ថែមដល់ក្រុមហ៊ុនCCECC ឱ្យបន្តពិនិត្យលទ្ធភាព ក្នុងការពង្រីកឱកាសវិនិយោគរបស់ខ្លួន បន្ថែមទៀតនៅកម្ពុជា ជាពិសេសការបណ្តាក់ទុន លើវិស័យអាទិភាពសំខាន់ៗដែលផ្តល់តម្លៃបន្ថែមខ្ពស់ សំដៅលើកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕


ចែករំលែក