ដោយ: សហសេវិក
អន្តរជាតិ: ការសិក្សាថ្មីមួយបានបង្ហាញថា ទីក្រុងហុងកុងសម្រេចបានអត្រាកំណើនលឿនបំផុតនៃចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ក្នុងចំណោមទីក្រុងទាំង១០ ដែលមានជាងគេបំផុត ដោយវ៉ាដាច់ទីក្រុងឡុងដ៍ ញូវយ៉ក និងតូក្យូ។
យោងតាមក្រុមហ៊ុនទិន្នន័យ Altrata ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក ចំនួនមនុស្សដែលមានទ្រព្យសម្បត្តិចំនួន៣០លានដុល្លារ ឬខ្ពស់ជាងនេះបានកើនឡើង២៦,៤ភាគរយក្នុងឆ្នាំ២០២៥ ដល់ចំនួន១៨.២៩០នាក់។
អត្រាកំណើននេះជាកម្រិតខ្ពស់បំផុតក្នុងចំណោមទីក្រុងកំពូលទាំង១០ លើពិភពលោកដែលត្រូវបានចាត់ថ្នាក់ដោយចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ចំណែក ទីក្រុងឡុងដ៍បានកើនឡើង១៨,៣ភាគរយ ទីក្រុងញូវយ៉ក (១៦,៩ភាគរយ) និងទីក្រុងតូក្យូ (១៥,៨ភាគរយ)។
ប៉ុន្តែ បើគិតជាចំនួនជាក់ស្តែង ទីក្រុងហុងកុងបានជាប់ចំណាត់ថ្នាក់លេខពីរទូទាំងពិភពលោក ខណៈទីក្រុងញូវយ៉ជាប់ចំណាត់ថ្នាក់លេខ១ ដែលមានប្រជាជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភចំនួន២៣.៧៨៥នាក់។

ទីក្រុង Los Angeles ជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានប្រជាជនមានទ្រព្យសម្បត្តិស្តុកស្តម្ភចំនួន ១២.៩៩៥ នាក់ ខណៈដែលទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូមួយទៀតរបស់សហរដ្ឋអាមេរិក ទទួលបានចំណាត់ថ្នាក់លេខ៤ ដោយមានចំនួន ៩.២១០ នាក់។
ក្រុមហ៊ុន Altrata បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ទីក្រុងហុងកុងបានស្រូបយកការកើនឡើងនៃលំហូរទ្រព្យសម្បត្តិឆ្លងដែននាពេលថ្មីៗនេះ។
ដោយមានប្រជាជនសរុបជាង ៧,៥ លាននាក់ ទីក្រុងហុងកុងមានបុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភប្រហែលម្នាក់ក្នុងចំណោមប្រជាជន ៤១២ នាក់ ដោយផ្អែកលើការគណនារបស់កាសែត South China Morning Post៕ប្រភព: Vnexpress៕







