តើ​កម្ពុជា​មាន​លិខិតឆ្លងដែន​ប៉ុន្មាន​ប្រភេទ ​និង​មាន​អត្ថន័យ ​ខុសគ្នា​បែប​ណា​?

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជា មានប្រើប្រាស់លិខិតឆ្លងដែនចំនួន៤ប្រភេទ ដែលមានអត្ថន័យខុសគ្នា និងប្រើប្រាស់តាមបុព្វសិទ្ធ ព្រមទាំងឋានៈតួនាទីរបស់អ្នកប្រើប្រាស់ផងដែរ។

លិខិតឆ្លងដែនទាំងនោះមានទម្រង់ និងព៌ណខុសគ្នា អាស្រ័យលើប្រភេទលិខិតឆ្លងដែននិមួយៗ។

លិខិតឆ្លងដែនការទូត (Diplomatic Passport)

លិខិតឆ្លងដែនបែបនេះ គឺធ្វើសម្រាប់ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី និងផ្តល់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ (ប្រធានព្រឹទ្ធសភា រដ្ឋសភា នាយករដ្ឋមន្ត្រី) មន្ត្រីការទូត មន្ត្រីកុងស៊ុល និងឥស្សរជនជាន់ខ្ពស់ តាមឋានានុក្រមដែលច្បាប់កំណត់។

ស្ថាប័នចេញឲ្យគឺក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ចំពោះអត្ថប្រយោជន៍ គឺការទទួលបានសិទ្ធិអភ័យឯកសិទ្ធិការទូត (Diplomatic Immunity) តាមច្បាប់អន្តរជាតិ និងទទួលបានការលើកលែងទិដ្ឋាការ (Visa) ពីប្រទេសជាច្រើន។

លិខិតឆ្លងដែនផ្លូវការ (Official Passport)

លិខិតឆ្លងដែនបែបនេះ ផ្តល់ជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ឬបុគ្គលិកជាន់ខ្ពស់របស់រដ្ឋ ដែលត្រូវធ្វើដំណើរទៅក្រៅប្រទេសដើម្បីបំពេញបេសកកម្មផ្លូវការ តំណាងឱ្យស្ថាប័នរដ្ឋ ឬរាជរដ្ឋាភិបាល។ ស្ថាប័នចេញឲ្យគឺក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

វាប្រើប្រាស់បានតែក្នុងអំឡុង ពេលបំពេញការងារផ្លូវការប៉ុណ្ណោះ មិនមែនសម្រាប់ដើរលេងកម្សាន្តផ្ទាល់ខ្លួនឡើយ។

លិខិតឆ្លងដែនធម្មតា (Normal / Ordinary Passport)

លិខិតឆ្លងដែនប្រភេទនេះ ផ្តល់ជូនប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់រូបដែលមានបំណងធ្វើដំណើរទៅបរទេស។ ស្ថាប័នចេញឲ្យ គឺក្រសួងមហាផ្ទៃ (នាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម)។ វាត្រូវបានប្រើប្រាស់ក្នុងគោលបំណង សម្រាប់ទេសចរណ៍ អាជីវកម្មផ្ទាល់ខ្លួន ការសិក្សា ព្យាបាលជំងឺ ឬការងារឯកជននៅក្រៅប្រទេស។

លិខិតធ្វើដំណើរ (Travel Document / Laissez-Passer)

ឯកសារនេះ មិនមែនជាសៀវភៅលិខិតឆ្លងដែន អចិន្ត្រៃយ៍ឡើយ ប៉ុន្តែជាឯកសារបណ្តោះអាសន្ន ឬមានលក្ខណៈពិសេស។ វាត្រូវបានផ្តល់ជូនពលរដ្ឋខ្មែរនៅបរទេស ដែលបានបាត់លិខិតឆ្លងដែន ឬលិខិតឆ្លងដែនផុតកំណត់ ហើយត្រូវការធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញជាបន្ទាន់ (ស្ថានទូតខ្មែរប្រចាំប្រទេសនោះជាអ្នកចេញឱ្យ)។

វាក៏ត្រូវបានប្រើប្រាស់សម្រាប់ជនភៀសខ្លួន ឬជនអនាថោជន ដែលស្នាក់នៅ ក្នុងប្រទេសកម្ពុជាស្របច្បាប់ ប៉ុន្តែគ្មានលិខិតឆ្លងដែននៃប្រទេសដើមរបស់ខ្លួន ដើម្បីឱ្យពួកគេអាចធ្វើដំណើរ ចេញទៅក្រៅប្រទេសបាន (ស្របតាមអនុសញ្ញាអន្តរជាតិ)។ វាមានសុពលភាពខ្លី ប្រើប្រាស់បានតែម្តង (Single Entry/Exit) ឬប្រើបានតែតាមផ្លូវដែលបានកំណត់ជាក់លាក់៕


ចែករំលែក