ដោយ: សហសេវិក
អន្តរជាតិ: តម្រូវការអគារការិយាល័យកម្រិត A របស់ទីក្រុងប៉េកាំងនៃប្រទេសចិនបានកើនឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយក្រុមហ៊ុនបញ្ញាសិប្បនិម្មិត និងក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកបានធ្វើឱ្យតំបន់ Zhongguancun ក្លាយជាទីផ្សារអចលនទ្រព្យដ៏ទាក់ទាញ។
យោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Knight Frank បានឱ្យដឹងថា Zhongguancun ក្នុងនាមជាតំបន់ប្រមូលផ្តុំទៅដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ជាតំបន់តែមួយគត់ដែលមានកំណើនថ្លៃជួលនៅក្នុងទីក្រុងប៉េកាំង។
ទិន្នន័យរបស់ក្រុមហ៊ុនបានបង្ហាញថា តម្លៃជួលការិយាល័យកម្រិត A ប្រចាំខែជាមធ្យមនៅតំបន់ Zhongguancun បានឈានដល់២៥១,៤យ័ន (៣៧ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទីពីរ កើនឡើង០,៣ភាគរយធៀបនឹងត្រីមាសទីមួយ។
លោកស្រី Virginia Huang នាយកគ្រប់គ្រងទទួលបន្ទុកតំបន់ភាគខាងជើង និងខាងកើតប្រទេសចិននៅក្រុមហ៊ុន Knight Frank បានអះអាងថា «តម្រូវការជួលដែលជំរុញដោយក្រុមហ៊ុនបច្ចេកវិទ្យាពាក់ព័ន្ធត្រូវបានគេមើលឃើញថានឹងបន្តក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខនៅទីក្រុងប៉េកាំង ហើយវានឹងកើនឡើងបន្ថែមទៀត»។
លោកស្រី Huang បានបន្តថា ទីផ្សារការិយាល័យរបស់ទីក្រុងប៉េកាំងបានផ្លាស់ប្តូរពីដំណាក់កាលនៃការធ្លាក់ចុះទៅជាការងើបឡើងវិញបន្តិចម្តងៗ ប៉ុន្តែ ទីផ្សារមិនទាន់ងើបឡើងវិញទាំងស្រុងនៅឡើយទេ។
លោកស្រីបានបន្ថែមថា ការងើបឡើងវិញទាំងស្រុងនៃទីផ្សារការិយាល័យនៅរដ្ឋធានីប៉េកាំងនឹងត្រូវការពេលវេលាបន្ថែមទៀត ហើយទំនងជានឹងកើតឡើងនៅចុងឆ្នាំ២០២៩ ឬដើមឆ្នាំ ២០៣០៕ប្រភព: SCMP៕







