រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងប្រកាសកញ្ចប់កំណែទម្រង់ពន្ធអចលនទ្រព្យ ដើម្បីទប់ស្កាត់ការហក់ឡើងនៃតម្លៃផ្ទះ
ដោយ: សហសេវិក
អន្តរជាតិ: ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអះអាងថា រដ្ឋាភិបាលកំពុងពិចារណាដំឡើងពន្ធលើអចលនទ្រព្យ ជាពិសេសចំពោះអ្នកមានផ្ទះច្រើនសម្រាប់ការវិនិយោគ ឬការរកប្រាក់ចំណេញ។
ថ្លែងនៅក្នុងវេទិកាគោលនយោបាយលំនៅឋានសាធារណៈ លោក Lee បានលើកឡើងថា ពន្ធលើអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូងមានកម្រិតទាបជាងពន្ធនៅក្នុងប្រទេសជឿនលឿនជាច្រើន ហើយនឹងត្រូវកើនឡើង៣ដងដើម្បីឈានដល់កម្រិតស្រដៀងគ្នា។
ទោះជាយ៉ាងណា លោក Lee Jae Myung បានទទួលស្គាល់ថា ការដំឡើងពន្ធយ៉ាងគំហុកបែបនេះអាចប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីសាធារណជន។

លោក Lee បានសង្កត់ធ្ងន់ថា ប្រព័ន្ធពន្ធដារគួរតែបែងចែករវាងអ្នកទិញផ្ទះដើម្បីរស់នៅពិតប្រាកដ (Owner-occupiers) និងអ្នកទិញផ្ទះក្នុងគោលបំណងវិនិយោគ (speculative investor)។
តួយ៉ាង អ្នកទិញផ្ទះសម្រាប់រស់នៅពិតប្រាកដគួរតែបង់ពន្ធលើអចលនទ្រព្យក្នុងកម្រិតសមរម្យ។ ចំណែក អ្នកដែលមានផ្ទះច្រើនខ្នង ជាពិសេសសម្រាប់ការវិនិយោគ ឬរកប្រាក់ចំណូលពីការជួល គួរបង់ពន្ធខ្ពស់ជាងមុន ដោយគិតគូរពីចំនួនអចលនទ្រព្យ តម្លៃ និងទីតាំង។
លោកបានអះអាងថា វិធានការកាន់តែរឹងមាំមានភាពចាំបាច់ដើម្បីទប់ស្កាត់ការទិញលំនៅឋានទុកលក់ចំណេញ និងបង្កើនលទ្ធភាពទិញលំនៅឋាន។
រដ្ឋាភិបាលកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងប្រកាសកញ្ចប់កំណែទម្រង់ពន្ធអចលនទ្រព្យដ៏គ្រប់ជ្រុងជ្រោយមួយនៅចុងខែកក្កដានេះ ដែលគ្របដណ្ដប់ទាំងពន្ធលើការកាន់កាប់អចលនទ្រព្យ និងពន្ធលើប្រាក់ចំណេញ៕







