ដោយ: សហសេវិក
អន្តរជាតិ: សន្ទុះនៃទីផ្សារលំនៅឋានរបស់ទីក្រុងហុងកុងត្រូវបានគេរំពឹងថា នឹងថយចុះនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ បន្ទាប់ពីតម្លៃផ្ទះនៅឆមាសទី១ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៧ឆ្នាំ។
ទោះបីជាទីផ្សារមានការងើបឡើងវិញយ៉ាងខ្លាំងនាពេលថ្មីៗនេះ ប៉ុន្តែក្រុមអ្នកវិភាគបានព្រមានថា ទំនុកចិត្តលើទីផ្សារភាគហ៊ុនថយចុះ និងវិធានការកាន់តែតឹងរ៉ឹងរបស់ទីក្រុងប៉េកាំងលើការគ្រប់គ្រងលំហូរមូលធនចេញពីចិនដីគោក នឹងទប់ស្កាត់ការកើនឡើងនៅឆមាសទីពីរ។
យោងតាមទិន្នន័យបានបង្ហាញថា តម្លៃផ្ទះឯកជននៅក្នុងទីក្រុងហុងកុងបានកើនឡើង០,៣ភាគរយនៅក្នុងខែមិថុនា ឆ្នាំ២០២៦ បើធៀបនឹងខែឧសភា ដោយបន្តកើនឡើងរយៈពេល១៣ខែជាប់ៗគ្នា។
សន្ទស្សន៍តម្លៃផ្ទះរបស់ទីក្រុងហុងកុងបានកើនឡើង ៧,៩ ភាគរយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០២៦ ដែលជាកំណើនខ្ពស់បំផុតនៅឆមាសទី១ ចាប់តាំងពីឆ្នាំ ២០១៩។

តួលេខចុងក្រោយបំផុតបង្ហាញថា ទីផ្សារសម្រេចបានកំណើនស្របតាមការរំពឹងទុកនៅឆ្នាំនេះ ដោយអ្នកវិភាគរំពឹងថា តម្លៃផ្ទះនឹងមានស្ថេរភាពជាជាងបន្តកើនឡើងក្នុងល្បឿនដដែល។
លោក Eddie Kwok នាយកប្រតិបត្តិផ្នែកវាយតម្លៃ និងសេវាកម្មប្រឹក្សាយោបល់នៅ CBRE Hong Kong បានអះអាងថា តម្លៃផ្ទះបានកើនឡើងជាង៧ភាគរយរួចហើយនៅឆ្នាំនេះ ដូច្នេះមានឱកាសតិចតួចសម្រាប់ការកើនឡើងបន្ថែមទៀតនៅក្នុងឆមាសទី២។
លោករំពឹងថា ទីផ្សារនឹងថយចុះ និងមានស្ថិរភាព នៅពេលដែលអ្នកទិញ និងអ្នកលក់សម្របខ្លួនទៅនឹងការកើនឡើងនៃតម្លៃផ្ទះកាលពីឆមាសមុន៕







