សម្តេចធិបតីគ្រោងអញ្ជើញសម្ភោធកំណាត់ផ្លូវជាតិចំនួន៣នៅក្នុងខេត្តក្រចេះ ក្នុងចុងខែសីហានេះ

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ គណៈកម្មការរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្ត៣៧៧A ស្ថិតនៅខេត្តក្រចេះ។

កិច្ចប្រជុំកាលពីម្សិលម៉ិញនេះ ដឹកនាំដោយលោកផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណា​ត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្ត៣៧៧A ស្ថិតនៅខេត្តក្រចេះ ក្រោមឥណទានសម្បទាន ពីធនគារពិភពលោក ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមា​ជិកាគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំរៀបចំឡើង ដើម្បីពិនិត្យបន្ថែមទៅលើវឌ្ឍនភាពការងារ នៃការរៀបចំ របស់អនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន ដើម្បីពន្លឿនការងារពាក់ព័ន្ធឱ្យបានរួចរាល់ សំដៅធានាធ្វើយ៉ាងណាឱ្យដំណើរការ រៀបចំពិធីសម្ពោធនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការដែលបានគ្រោងទុក។

កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្ត៣៧៧A ប្រវែងសរុប៩៨,៤០គីឡូម៉ែត្រ គ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


ចែករំលែក