ការវិនិយោគ​អចលនទ្រព្យ​ពាណិជ្ជកម្ម​នៅ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​ហក់​ឡើង​ដល់ ​១០៥ ពាន់លានដុល្លារ​អាមេរិក​ក្នុង​ឆមាស​ទី១​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានហក់ឡើងដល់ ១០៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦។ តួលេខនេះជាកំណើនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២២។

លោក Theo Novak នាយកគ្រប់គ្រងក្រុមហ៊ុន Colliers សម្រាប់ទីផ្សារមូលធនអាស៊ីប៉ាស៊ីហ្វិក បានកត់សម្គាល់ថា កំណើននេះសម្រេចបាន ស្របពេលមានចំណុចរបត់មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយវិនិយោគិនបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងតំបន់។

លោក​បន្ថែម​ថា​៖ «ដើមទុន​នៅតែ​មានភាពសកម្ម​នៅក្នុង​តំបន់ ហើយ​កំពុង​ត្រូវបាន​ដាក់ពង្រាយ​កាន់តែខ្លាំងឡើង​ទៅក្នុងទីផ្សារការិយាល័យ លក់រាយ និង​ឧស្សាហកម្ម រួមទាំង​មជ្ឈមណ្ឌល​ទិន្នន័យ​ផងដែរ»។

ប្រទេសចិន និងជប៉ុន ជាប្រទេសដែលបានរួមចំណែកច្រើនជាងគេចំពោះទំហំនៃការវិនិយោគសរុបក្នុងឆមាសទី១ ដោយមានទំហំប្រតិបត្តិការចំនួន២៧,៥ពាន់លានដុល្លារអាមេរិក និង២៥,៣ពាន់លានដុល្លារអាមេរិករៀងគ្នា។

ខណៈសកម្មភាពវិនិយោគនៅក្នុងប្រទេសចិនត្រូវបានជំរុញជាចម្បងដោយវិនិយោគិនក្នុងស្រុក ទីផ្សារសំខាន់ៗផ្សេងទៀត រួមទាំងប្រទេសសិង្ហបុរី ជប៉ុន និងអូស្ត្រាលី បានទាក់ទាញដើមទុនអន្តរជាតិយ៉ាងច្រើន ខណៈវិនិយោគិនព្យាយាមឈានចូលទីផ្សារដែលមានស្ថិរភាព។

នៅទូទាំងតំបន់ ផ្នែកការិយាល័យទទួលបានការវិនិយោគច្រើនជាងគេបំផុតនៅក្នុងឆមាសទី១ ក្នុងទំហំទឹកប្រាក់៤០,២ពាន់លានដុល្លារអាមេរិក ផ្នែកលក់រាយ (២៦,៧ពាន់លានដុល្លារអាមេរិក) និងឧស្សាហកម្ម (២២,៨ពាន់លានដុល្លារអាមេរិក)។

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលទិន្នន័យបានទាក់ទាញដើមទុនចំនួន៦,៧ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ។

ក្រុមហ៊ុន Colliers រំពឹងថា សកម្មភាពនៃការវិនិយោគនឹងនៅតែមានភាពធន់នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ ទំនុកចិត្តត្រូវបានគេរំពឹងថា នឹងនៅតែគាំទ្រដោយភាពប្រសើរឡើងនៃរំហូរសាច់ប្រាក់ងាយស្រួល៕


ចែករំលែក