ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណការ និងអ្នកជំនាញជប៉ុនបានបើកកិច្ចប្រជុំពិភាក្សា លើគម្រោងសហប្រតិបត្តិការកម្ពុជា-ជប៉ុន សម្រាប់ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា។
កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិភាក្សាលើគម្រោងសហប្រតិបត្តិការកម្ពុជា -ជប៉ុនសម្រាប់ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន(MLIT)ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)និងតំណាងក្រុមហ៊ុន Nippon Koei, JR West, JR-Freight, KRC, KYOSAN ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសផ្លូវដែកផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់លើផែនការអនុវត្តគម្រោងសហប្រតិបត្តិការថ្មី រវាងក្រសួងទាំង២ ដោយផ្អែកលើលទ្ធផល នៃការសិក្សាដែលបានបញ្ចប់កន្លងមក។ គម្រោងសហប្រតិបត្តិការថ្មី នេះផ្តោតសំខាន់លើការពិនិត្យ និងកំណត់អាទិភាពសម្រាប់ការស្តារ និងធ្វើឱ្យប្រសើរឡើងនៃបណ្តាញផ្លូវដែក ដែលមានស្រាប់ ការសិក្សាបន្ថែមលើការអភិវឌ្ឍប្រព័ន្ធ ដឹកជញ្ជូនផ្លូវដែកក្នុងរាជធានីភ្នំពេញ កិច្ចសហប្រតិបត្តិការក្នុងការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីផ្លូវដែក និងបទដ្ឋានបច្ចេកទេសផ្លូវដែក ការពង្រឹងសមត្ថភាពរបស់ក្រសួងក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងធានាសុវត្ថិភាពនៃប្រតិបត្តិការផ្លូវដែក ព្រមទាំងការរៀបចំកម្មវិធីទស្សនកិច្ចសិក្សា និងបណ្តុះបណ្តាលនៅប្រទេសជប៉ុន ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសក្នុងវិស័យផ្លូវដែក។

លោកជំទាវ ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) និងអ្នកជំនាញមកពី JICA ដែលបានបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានស្នើឱ្យមានការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) បន្ថែមទៀត ដើម្បីជំរុញការអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាព និងរួមចំណែកដល់ការអភិវឌ្ឍវិស័យផ្លូវដែក នៅកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព៕








