ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុន JLL ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មរបស់ទីក្រុងហុងកុងនៃប្រទេសចិនបានកើនឡើងជាងទ្វេដងដល់ ៣,១ ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦។
កំណើននេះធ្វើឱ្យទីក្រុងហុងកុងក្លាយជាទីផ្សារវិនិយោគដែលមានការរីកចម្រើនលឿនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសារការកើនឡើងយ៉ាងគំហុកនៃកិច្ចព្រមព្រៀងលក់រាយ និងការិយាល័យ។
កំណើននៃការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មនៅហុងកុងបានវ៉ាដាច់ទីផ្សារធំៗផ្សេងទៀត រួមទាំងប្រទេសសិង្ហបុរី និងប្រទេសអូស្ត្រាលី។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL។
ក្រុមហ៊ុន JLL បានអះអាងនៅក្នុងរបាយការណ៍របស់ខ្លួនថា «កំណើនដ៏រឹងមាំនៃការវិនិយោគរបស់ទីក្រុងហុងកុងសម្រេចបាន ស្របពេលអ្នកវិនិយោគជ្រើសរើសវិនិយោគលើទ្រព្យសកម្មដែលផ្តល់នូវផលចំណេញប្រកបដោយស្ថិរភាព»។

របាយការណ៍បានបន្ថែមថា ការស្ទុះងើបឡើងវិញនេះនៅត្រីមាសទីពីរបានជួយជំរុញកំណើនចំនួន៩០ភាគរយនៃការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មរបស់ទីក្រុងហុងកុងក្នុងឆមាសទីមួយ។
លោក Oscar Chan ប្រធានទីផ្សារមូលធននៅក្រុមហ៊ុន JLL ក្នុងទីក្រុងហុងកុងបានមានប្រសាសន៍ថា “ការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មរបស់ទីក្រុងហុងកុងនៅតែមានភាពសកម្មខ្ពស់”។
លោកបន្ថែមថា «ទោះបីជាមានភាពមិនប្រាកដប្រជានៃម៉ាក្រូសេដ្ឋកិច្ច និងបរិយាកាសអត្រាការប្រាក់ស្មុគស្មាញយ៉ាងណាក្តី យើងកំពុងសង្កេយឃើញសកម្មភាពវិនិយោគជាបន្តបន្ទាប់ហូរចូលក្នុងទីក្រុងហុងកុង»៕







