ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសកូរ៉េខាងត្បូងគ្រោងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងសាងសង់លំនៅឋាន និងបន្ធូរបន្ថយបទប្បញ្ញត្តិសម្រាប់អ្នកទិញផ្ទះវ័យក្មេង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារស្ថិរភាពទីផ្សារលំនៅឋាន។
កាលពីដើមខែសីហានេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Lee Jae Myung បានដំឡើងពន្ធលើម្ចាស់ផ្ទះដែលមានទ្រព្យសម្បត្តិច្រើន។
លោក Lee បានអះអាងថា ពពុះអចលនទ្រព្យបានឈានដល់កម្រិតមួយដែលមិនអាចទុកចោលបានទៀតទេ។ ប្រសិនបើស្ថានភាពនេះនៅតែបន្ត យើងអាចប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងររយៈពេលជាច្រើនឆ្នាំ។
គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) លើកឡើងថា វិធានការថ្មីមានគោលបំណង «ធ្វើឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាព តាមរយៈការជំរុញការផ្គត់ផ្គង់លំនៅឋាន និងតាមរយៈកញ្ចប់ហិរញ្ញវត្ថុសម្រាប់យុវជន និងអ្នកដែលមានតម្រូវការជាក់ស្តែង»។
គណៈកម្មការសេវាកម្មហិរញ្ញវត្ថុ គ្រោងបង្កើនការគាំទ្រគោលនយោបាយហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់លំនៅឋានដល់៤៧,៨ទ្រីលានវ៉ុន (៣៣,៧២ ពាន់លានដុល្លារ) ឬច្រើនជាងនេះ ដើម្បីជំរុញការផ្គត់ផ្គង់លំនៅឋាន។
FSC ក៏បានប្រកាសពីវិធានការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ ដូចជាប្រាក់កម្ចីគោលនយោបាយថ្មី សម្រាប់យុវវ័យ ដែលទិញផ្ទះដើម្បីរស់នៅ ខណៈរក្សា ឬរឹតបន្តឹងលើការទិញផ្ទះក្នុងគោលបំណងវិនិយោគ៕







