ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ឈាន​ចូល​ដល់​ឆមាស​ទីពីរ ​ជាមួយភាព​មិន​ប្រាកដ​ប្រជា​ផ្នែក​សេដ្ឋកិច្ច

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តំបន់អាស៊ីប៉ាស៊ីហ្វិកបានឈានចូលដល់ឆមាសទីពីរនៃឆ្នាំ ២០២៦ ដោយប្រឈមមុខនឹងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំង។ ភាពតានតឹងនៅមជ្ឈិមបូព៌ាបានធ្វើឱ្យតម្លៃប្រេងមានការប្រែប្រួល និងបន្ថែមសម្ពាធអតិផរណា ។

ភាពមិនប្រាកដប្រជាលើគោលនយោបាយអត្រាការប្រាក់ និងតម្លៃទំនិញប្រើប្រាស់បាននាំឱ្យក្រុមហ៊ុនជាច្រើនពន្យារពេលការសម្រេចចិត្តវិនិយោគ។

តម្រូវការការិយាល័យធ្លាក់ចុះ ខណៈក្រុមហ៊ុននានាពន្យារពេលការសម្រេចចិត្តជួលការិយាល័យធំៗ។

យ៉ាងណាមិញ ការិយាល័យកម្រិត A នៅតែមានភាពទាក់ទាញ ដោយសារក្រុមហ៊ុននានាងាកទៅរកអគារដែលមានគុណភាពខ្ពស់ ដើម្បីទាក់ទាញ និងរក្សាបុគ្គលិក។ ដូច្នេះ កំណើននៃការជួលប្រមូលផ្តុំនៅក្នុងអចលនទ្រព្យលំដាប់ខ្ពស់។

ទីក្រុងតូក្យូ ជាករណីពិសេសមួយ ដោយតម្រូវការបានងើបឡើងវិញទាំងការិយាល័យកម្រិត A និងកម្រិត B ដោយសារការផ្គត់ផ្គង់នៅមានកំណត់ និងកំពុងជំរុញឱ្យម្ចាស់អគារបង្កើនតម្លៃជួល។

ទន្ទឹមនឹងនេះ ទំហំនៃការវិនិយោគការិយាល័យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះជិត៨ភាគរយក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ដោយវិនិយោគិនពេញចិត្តនឹងអគារការិយាល័យដែលមានទីតាំងល្អនៅទីក្រុងសេអ៊ូល សិង្ហបុរី ស៊ីដនី និងហុងកុង។

អ្នកប្រើប្រាស់នៅប្រទេសជប៉ុន និងអូស្ត្រាលីកំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំង។ អ្នកលក់រាយកំពុងផ្តោតលើការកែលម្អហាងដែលមានស្រាប់ ជាជាងការពង្រីកខ្លួន។ ទីតាំងលក់រាយសំខាន់ៗនៅតែមានភាពទាក់ទាញ ជាពិសេសនៅទីក្រុងតូក្យូ។

ប្រទេសអូស្ត្រាលីទទួលបានអត្ថប្រយោជន៍ពីកំណើនប្រជាជន ខណៈការលក់រាយតាមដងផ្លូវធំៗនៅទីក្រុងតូក្យូនៅតែមានភាពទាក់ទាញ ខណៈម៉ាកល្បីៗពង្រីកខ្លួន និងលំហូរភ្ញៀវទេសចរអន្តរជាតិងើបឡើងវិញ។

ទីផ្សារអចលនទ្រព្យផ្នែកភស្តុភា​លំដាប់​ខ្ពស់​នៅ​ទីតាំង​ល្អ​នៅ​តែ​មាន​ភាព​ធន់​ ព្រោះនៅ​ជិត​អតិថិជន និង​ជួយ​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន។កំណើនតម្លៃ​ប្រេង​ឥន្ធនៈ និង​ថ្លៃ​ដឹក​ជញ្ជូន​កំពុង​បង្កើត​សម្ពាធ​រយៈពេល​ខ្លី។

ប្រទេសជប៉ុននៅតែជាទីផ្សារដ៏ទាក់ទាញបំផុតមួយសម្រាប់ផ្នែកលំនៅឋាន ជាពិសេសទីក្រុងតូក្យូ ដោយសារតម្រូវការពីគ្រួសារដែលមានប្រាក់ចំណូលខ្ពស់។ ទីផ្សារលំនៅឋានអូស្ត្រាលីក៏មានមូលដ្ឋានគ្រឹះនៃការជួលដ៏រឹងមាំផងដែរ ដោយអត្រាទំនេរនៃការជួលទូទាំងប្រទេសបានធ្លាក់ចុះមកត្រឹម១ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំនេះ៕


ចែករំលែក