ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle (JLL) ការវិនិយោគលើអចលនទ្រព្យរបស់ប្រទេសជប៉ុននឹងហក់ឡើងដល់កម្រិតកំណត់ត្រារយៈពេល២ឆ្នាំជាប់ៗគ្នា បន្ទាប់ពីតម្រូវការការិយាល័យបានជំរុញប្រតិបត្តិការនៅក្នុងឆមាសទីមួយ។
ក្រុមហ៊ុន JLL បានព្យាករណ៍ថា ការវិនិយោគនឹងកើនឡើងដល់ទំហំទឹកប្រាក់ចំនួន៧ទ្រីលានយ៉េន (៤៤ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ ខណៈបណ្តាក្រុមហ៊ុននានាកំពុងផ្លាស់ប្តូរទីតាំងការិយាល័យ។
ក្រុមហ៊ុន JLL បានបន្តថា ការវិនិយោគលើអចលនទ្រព្យបានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន៣,៨ទ្រីលានយ៉េនក្នុងរយៈពេលខែមករាដល់ខែមិថុនា ឆ្នាំ២០២៦។
បណ្តាវិនិយោគិនបរទេសគ្របដណ្តប់ចំនួន៣០ភាគរយនៃការវិនិយោគសរុបនៅក្នុងឆមាសទីមួយ ខណៈពួកគេស្វែងរកផលចំណេញខ្ពស់ ដោយបន្ថែមតម្លៃដល់អចលនទ្រព្យ។ កំណើននៃតម្រូវការ និងតម្លៃជួលកំពុងជួយជំរុញផលចំណេញ។
ប្រទេសជប៉ុនកំពុងស្រូបទាញការវិនិយោគអចលនទ្រព្យដ៏ច្រើនមិនធ្លាប់មានពីមុនមក។ ការកើនឡើងនៃអត្រាការប្រាក់មិនបានធ្វើឱ្យបណ្តាវិនិយោគិនអស់សង្ឃឹមនៅឡើយទេ។
ក្រុមហ៊ុន JLL បានអះអាងថា ទីក្រុងតូក្យូបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមទីក្រុងនានាលើពិភពលោកសម្រាប់ការវិនិយោគលើអចលនទ្រព្យនៅក្នុងឆមាសទី១ ដោយបានកើនឡើងមួយចំណាត់ថ្នាក់បើធៀបនឹងមួយឆ្នាំមុន៕







