ដោយៈ គង់ សូរិយា
ភ្នំពេញៈ នៅទីបំផុតគម្រោងសាងសង់ស្ពាន តភ្ជាប់រវាងទីក្រុងនរា និងទីក្រុងMekong Qauy អរិយក្សត្របានបញ្ចប់ការឌីសាញហើយ។
ប្រភពព័ត៌មានច្បាស់ការណ៍ ពីក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងMekong Qauyអរិយក្សត្របានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនកំពុងជម្រុញពន្លឿនការបើកការដ្ឋានសាងសង់ស្ពាននេះ ស្របពេលការសិក្សាបានបញ្ចប់ តាមផែនការរួចហើយ នៅឡើយតែនិតិវិធីមួយចំនួន។
លោកបញ្ជាក់ថា ស្ពាននេះមានប្រវែងប្រមាណ២គីឡូម៉ែត្រ ដែលស្ពានទី១ នឹងសាងសង់ឆ្លងកាត់ទន្លេមេគង្គ មានប្រវែងប្រមាណ១គីឡូម៉ែត្រ និងពីទីក្រុងនរា ភ្ជាប់ជាមួយផ្លូវជាតិលេខ១ មានប្រវែងប្រមាណ១គីឡូម៉ែត្រផងដែរ។
លោកបញ្ជាក់ឲ្យដឹងទៀតថា “គម្រោងស្ពាននេះ មានទទឹង២៧,៥០ម៉ែត្រ និងជាប្រភេទស្ពានយោងដោយខ្សែកាប”។
ទីក្រុងMekong Qauy ស្ថិតនៅប្របទន្លេមេគង្គដែលមានប្រវែងជាង២គីឡូម៉ែត្រ។ ក្រុមហ៊ុន បាននិងកំពុងត្រៀមសាងសង់អាគារខ្ពស់កប់ពពគចំនួន៣ នាពេលខាងមុខផងដែរ ដែលគម្រោងនេះស្ថិតក្រោមការសហការរវាងក្រុមហ៊ុន និងរដ្ឋាភិបាលចិន។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនសាងសង់ បានគូសបញ្ជាក់ថា គម្រោងសាងសង់ទីក្រុងMekong Qauy នឹងបែងចែកជាពីរផ្នែកដោយ ផ្នែកទី១ លើផ្ទៃដីប្រមាណ១៤០ហិកតា ប្រមូលផ្តុំដោយផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប ផ្សារទំនើបតាមដងទន្លេ តាមការរចនាបែបទំនើបប្រណីត និងមានអត្ថន័យវប្បធម៌ មានមជ្ឈមណ្ឌលអប់រំ មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ នឹងរួមបញ្ចូលសារៈមន្ទីរ រោងមហោស្រប សម្ដែងសិល្បៈប្រពៃណី ប្រវត្តិសាស្រ្តខ្មែរ និងជាកន្លែងបង្ហាញសិប្បកម្មក្នុងស្រុក រួមបញ្ចូលជាមួយបច្ចេកវិទ្យា បញ្ញាសិប្បនិមិ្មត AI និង VR ដែលអាចផ្ដល់នូវភាពទាក់ទាញ បទពិសោធន៏ថ្មីជូនភ្ញៀវទេសចរ។
ផ្នែកទី២ សាងសង់លើផ្ទៃដី៧០ហិកតា គ្រោងទុកសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា (ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើង សួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតងតាមដងទន្លេដ៏ធំទូលាយ ដែលមានទទឹងរហូតដល់ទៅ ៥០ម៉ែត្រ និងប្រវែង៦គីឡូម៉ែត្រ ក្នុងគោលដៅលើកស្ទួយគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបម្រើជាផលប្រយោជន៍សាធារណៈ៕







