ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការបន្តនីតិវិធីពាក់ព័ន្ធនឹងការសម្របសម្រួលការវិនិយោគកសិកម្មលើការដាំស្មៅ ដាំពោត និង ចិញ្ចឹមគោបង្កាត់ពូជយកទឹកដោះ នៅក្នុងខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមការដឹកនាំរបស់ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន ដោយមានការចូលរួមពី លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ និង ជាអគ្គលេខាធិការនៃគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ និង មន្ត្រីជំនាញពាក់ព័ន្ធ ។
អង្គប្រជុំ បានពិនិត្យពិភាក្សាលើខ្លឹមសារ និងលក្ខខណ្ឌនៃកិច្ចសន្យា ដើម្បីធានាឱ្យការអនុវត្តគម្រោងវិនិយោគនេះ អាចប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព ស្របតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ព្រមទាំងធានាថា គម្រោងវិនិយោគនេះ អាចនាំមកនូវផលប្រយោជន៍រួម សម្រាប់រដ្ឋ វិនិយោគិន និង ប្រជាពលរដ្ឋនៅក្នុងតំបន់ តាមគោលការណ៍ ឈ្នះ-ឈ្នះ ។

គម្រោងវិនិយោគកសិកម្មនេះ ត្រូវបានរំពឹងថានឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់, ការចូលរួមរបស់សហគមន៍ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និង ការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចដែលពាក់ព័ន្ធ ។ ការអភិវឌ្ឍគម្រោងនេះ មានគោលបំណងជំរុញកិច្ចសហការរវាងវិនិយោគិន និង ប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីឱ្យផលប្រយោជន៍បានពីការវិនិយោគនេះ អាចចូលរួមគាំទ្រដល់ការអភិវឌ្ឍសហគមន៍ និង លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅជុំវិញតំបន់វិនិយោគ ។
ជាលទ្ធផល អង្គប្រជុំបានឯកភាពឱ្យក្រុមការងារពាក់ព័ន្ធបន្តសម្របសម្រួល និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនវិនិយោគ ដើម្បីបំពេញលក្ខខណ្ឌនៃកិច្ចសហការវិនិយោគ ឱ្យមានភាពច្បាស់លាស់ សមស្រប និង អាចធានាបាននូវតុល្យភាព រវាងការលើកកម្ពស់ការវិនិយោគ ការបង្កើតការងារ ការអភិវឌ្ឍសហគមន៍ និង អនុលោមភាពតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន៕








