ប្រទេសចិន​​គ្រោង​នឹងធ្វើកំណែ​ទម្រង់​ប្រព័ន្ធ​លក់​លំនៅឋាន ​ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ការ​ខកខាន​ប្រគល់​ផ្ទះ​ជូន​អតិថិជន​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសចិនបានចេញគោលការណ៍ណែនាំឱ្យរដ្ឋបាលមូលដ្ឋានធ្វើកំណែទម្រង់ប្រព័ន្ធលក់លំនៅឋានរបស់ពួកគេ ដោយតម្រូវឱ្យមានការងាកទៅរកការលក់លំនៅដ្ឋានដែលបានបញ្ចប់ការសាងសង់រួចរាល់។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ ដោយដកស្រង់គោលការណ៍ណែនាំនេះថា រដ្ឋបាលក្នុងតំបន់គួរតែជំរុញការលក់លំនៅឋានដែលបានបញ្ចប់ការសាងសង់ ដើម្បី «ទប់ស្កាត់ហានិភ័យនៃការប្រគល់យឺតយ៉ាវ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកទិញផ្ទះ»។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន បានលក់ផ្ទះ មុនពេលសាងសង់រួច (pre-sale ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការគម្រោងលំនៅឋាន។

ទីផ្សារអចលនទ្រព្យចិនបានដាំក្បាលចុះនៅឆ្នាំ២០២១ ដោយសារយុទ្ធនាការរបស់រដ្ឋាភិបាលចិនក្នុងការទប់ស្កាត់បំណុលនៅក្នុងវិស័យនេះ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍ជាច្រើនខ្វះខាតសាច់ប្រាក់ និងគម្រោងរបស់ពួកគេជាប់គាំង។

Presale បានក្លាយជាប្រភពនៃភាពចលាចលក្នុងសង្គម ខណៈដែលអ្នកទិញផ្ទះបានតវ៉ា និងគំរាមបញ្ឈប់ការបង់រំលស់លើគម្រោងលំនៅឋាន ដែលមិនបានបញ្ចប់ការសាងសង់ទាន់ពេលវេលា។

គម្រោងមួយចំនួននៅតែបន្តជាប់គាំងអស់រយៈពេលជាង៥ឆ្នាំ ខណៈអ្នកអភិវឌ្ឍន៍អចលនទ្រព្យ រួមទាំងក្រុមហ៊ុន China Evergrande ដែលធ្លាប់ជាក្រុមហ៊ុនលំដាប់លេខ១ បានខកខានសងប្រាក់កម្ចីរបស់ពួកគេ ស្របពេលតម្លៃផ្ទះធ្លាក់ចុះ៕


ចែករំលែក