រដ្ឋាភិបាល​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវ​ការ​នូវ​ “កម្មវិធី​អន្តរាគមន៍​គ្រប់ជ្រុង​ជ្រោយ​ឆ្លើយតប​នឹង​សភាព​ការណ៍​ពហុវិបត្តិ​”

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ”។

កម្មវិធីនេះហៅកាត់ខ្លីថា “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ” ក្រោមអធិបតីភាពរបស់លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, តំណាងអង្គទូត, ដៃគូអភិវឌ្ឍន៍, តំណាងគ្រឹះស្ថាន សមាគមឯកជន, ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។

ពិធីនេះមានគោលបំណងដើម្បីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនៃកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ដែលត្រូវបានអនុម័តដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ។

កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតប នឹងសភាពការណ៍ពហុវិបត្តិ ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនេះ​ ត្រូវបានរៀបចំឡើងក្នុងស្មារតីរក្សាលំនឹងជីវភាពប្រជាជន និងអាជីវកម្ម ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់ទៅនឹងវិបត្តិថាមពល ព្រមទាំងបង្កើតការងារ និងជ្រោមជ្រែងការងើបឡើងវិញនៃធរុកិច្ច ដែលកម្មវិធីនេះត្រូវបានកំណត់គោលដៅចំនួន៤ សំខាន់ៗដូចជា៖ ទី១. រក្សាលំនឹងជីវភាពរបស់ក្រុមប្រជាជនគោលដៅ តួយ៉ាង ប្រជាជនក្រីក្រ គ្រួសារងាយរងហានិភ័យ កសិករ ពលករទេសន្តរប្រវេសន៍ និងគ្រួសារភៀសសឹក និងអ្នកប្រកបរបររត់រ៉ឺម៉កកង់បី ជាដើម។

ទី២. លើកកម្ពស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ទាំងក្នុង និងក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករចម្បងជំរុញកំណើនសេដ្ឋកិច្ចជាតិ, ទី៣. លើកកម្ពស់ការអភិវឌ្ឍជំនាញ, បង្កើតមុខរបរ និងពង្រីកឱកាសការងារ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារ និងកម្មវិធីបង្កើតការងារនៅមូលដ្ឋាន, និង ទី៤. ពង្រឹងការគ្រប់គ្រង និងជំរុញការធ្វើអន្តរកម្ម ព្រមទាំងការបំប្លែងថាមពល ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពឆ្លើយតបចំពោះវិបត្តិថាមពលជាយថាហេតុនាពេលអនាគត។

កម្មវិធីនេះ មិនមែនជាការដាក់ចេញវិធានការថ្មី ទាំងស្រុងនោះទេ; ប៉ុន្តែជាការប្រមូលផ្តុំ កែសម្រួល ឬពង្រីកវិធានការដែលមានស្រាប់ និងបន្ថែមវិធានការថ្មីៗតាមការចាំបាច់ ដើម្បីឱ្យការឆ្លើយតបរបស់ រាជរដ្ឋាភិបាលកាន់តែគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងចំគោលដៅ។

កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយនេះ ត្រូវបានបែងចែកចេញជាកញ្ចប់អន្តរាគមន៍ចំនួន ៣ រួមមាន៖ កញ្ចប់អន្តរាគមន៍ទី១ ដែលមានវិធានការសរុបចំនួន១៥វិធានការ ក្នុងការរក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ។

កញ្ចប់អន្តរាគមន៍ទី២ ដែលមានវិធានការសរុបចំនួន ៤ វិធានការ ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ និងកញ្ចប់អន្តរាគមន៍ទី៣ ដែលមានវិធានការសរុបចំនួន ៨ វិធានការ ក្នុងការគ្រប់គ្រង ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល។

វិធានការទាំងនេះ នឹងត្រូវអនុវត្តក្នុងពេលដំណាលគ្នា ចាប់ពីឆមាសទី២ ឆ្នាំ២០២៦ នេះតទៅ រហូតដល់កាលបរិច្ឆេទកំណត់ជាក់ស្តែងដែលបានកំណត់ សម្រាប់វិធានការនីមួយៗ លើកលែងតែ វិធានការមួយចំនួនដែលមានចរិត ចូលរួមកសាងភាពធន់សង្គម-សេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលមធ្យម និងវែង។៕


ចែករំលែក