តម្លៃ​ផ្ទះ​នៅ​ប្រទេសនូវែលសេឡង់​បាន​ធ្លាក់​ចុះ​ដល់​កម្រិតទាប​បំផុត​ក្នុង​រយៈ​ពេល​ជាង​៣ឆ្នាំ​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសនូវែលសេឡង់បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង៣ឆ្នាំនៅក្នុងខែសីហា និងជះផលប៉ះពាល់ដល់ទស្សនវិស័យនៃតម្រូវការក្នុងស្រុក ដែលជាកត្តាជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality បានឱ្យដឹងថា សន្ទស្សន៍តម្លៃផ្ទះបានធ្លាក់ចុះ០,៤ភាគរយធៀបនឹងខែកក្កដា។ តម្លៃផ្ទះនាពេលបច្ចុប្បន្ន មានកម្រិតទាបជាងមុន១៨ភាគរយបើធៀបនឹងកម្រិតកំពូលនៅខែមករា ឆ្នាំ២០២២។

លទ្ធផល​នេះ​បន្ថែម​សម្ពាធទៅលើ​ការចំណាយរបស់គ្រួសារ​ដែល​កំពុងជួបប្រទះនឹង​ការកើនឡើង​នៃ​ថ្លៃ​ប្រេងឥន្ធនៈ និង​ការកើនឡើង​នៃ​អត្រា​គ្មាន​ការងារ​ធ្វើ ដែល​បញ្ជាក់​ថា​ការចំណាយ​របស់​អ្នកប្រើប្រាស់​នឹង​នៅតែ​មាន​កម្រិត​ទាប។

ធនាគារកណ្តាលនូវែលសេឡង់ (RBNZ) នៅសប្តាហ៍នេះបានដំឡើងអត្រាការប្រាក់សម្រាប់កិច្ចប្រជុំលើកទីពីរជាប់ៗគ្នា។ បច្ចុប្បន្ន ការនាំចេញ និងវិស័យទេសចរណ៍របស់ប្រទេសនេះកំពុងរីកចម្រើន ខណៈការប្រើប្រាស់ និងការវិនិយោគកំពុងដើរយឺត។

លោក Kelvin Davidson ប្រធានសេដ្ឋវិទូអចលនទ្រព្យនៅ Cotality បានមានប្រសាសន៍ថា “ទីផ្សារលំនៅឋានស្ថិតក្នុងភាពទ្រឹង ដែលនឹងអូសបន្លាយរហូតដល់ឆ្នាំក្រោយ”។ “ពុំមានសញ្ញានៃការធ្លាក់ចុះយ៉ាងខ្លាំងនោះទេ ប៉ុន្តែក៏មិនមានកាតាលីករសម្រាប់កំណើនដ៏រឹងមាំនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដែរ”៕


ចែករំលែក