សម្តេច​តេជោ​សម្រេច​ដកចេញ​ ”ពន្ធកាត់​ទុក​ ១%“ ដើម្បី​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​

0

ដោយ ​វុត្ថា

ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានសម្រេច​ដកចេញ​នូវ​ “ពន្ធ​កាត់​ទុក​” (១%) ដែល​បាន​តម្រូវ​អោយ​ពាណិជ្ជករ​បង់​មុន​ ទោះបី​ចំណេញ​ ឬខាត​ក៏ដោយ​។

នៅក្នុង​សិក្ខាសាលា​ស្ដី​អំពី​ ” បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​” ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី២៩​ ឧសភា​ ២០១៩​ សម្តេច​តេជោ​ បាន​ឲ្យដឹង​ថា ​“ពន្ឋ​កាត់​ទុក​” នេះ​គឺ​នឹង​ត្រូវ​លុបចោល​ ព្រោះ​វា​ជា​ប្រភេទ​បំណុល​ដែល​ហាក់ដូចជា​រដ្ឋ​ទៅ​ខ្ចី​ពី​ក្រុមហ៊ុន​ឯកជន​មក​ទុក​។

សម្តេច​បន្ត​ថា​ ដូច្នេះ​ការ​បញ្ចប់​ពន្ធ​កាត់​ទុក​នេះ​ គឺ​វា​នឹង​បញ្ចប់​នូវ​បំណុល​រដ្ឋ​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន​ចំនួន​ (១%) ដែល​នឹង​កាន់តែ​ជួយ​ជំរុញ​ដល់​ការប្រកួត​ប្រជែង​ក្នុង​ការ​ឈានឡើង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ហើយក៏​នឹង​ជួយ​ដល់​ផ្នែកឯកជន​ក្នុង​ការ​រក្សា​បាន​នូវ​ទុន​បន្ថែម​ ដើម្បី​ពង្រីក​នូវ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ​ ។

ចំពោះ​ពេលវេលា​នៃ​ការអនុវត្ត​ សម្ដេច​តេជោ​នាយក​រដ្ឋមន្រ្តី​ បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ សិក្សា​ផ្ដល់​យោបល់​។ ប៉ុន្តែ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ ការអនុវត្ត​គួរ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​ ២០១៩​ ឬក៏​ឲ្យបាន​លឿន​ជាង​នេះ​ តាមដែល​អាច​ធ្វើ​ទៅ​បាន​។

ទន្ទឹម​នឹង​ការ​ដកចេញ​នូវ​ “ពន្ឋ​កាត់​ទុក​” យើង​សង្ឃឹមថា​ក្រុមហ៊ុន​ឯកជន​នានា​នឹង​រកស៊ី​បង់​ពន្ឋ​អោយ​បាន​ត្រឹមត្រូវ​ជូន​រដ្ឋាភិបាល​ ដើម្បី​យើង​រីកចម្រើន​ទាំងអស់គ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here