ដោយ នៅ វឌ្ឍនា
ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យអង្គការ JETRO បន្តជួយសម្របសម្រួលជាពិសេសជំរុញធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនជប៉ុននៅតែបង្កើតការវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនាំកសិផលពីប្រទេសកម្ពុជាមកទីផ្សារជប៉ុន។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Nbuhiko Sasaki ប្រធាននិងជានាយកប្រតិបត្តិថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅថ្ងៃទី ២៩ ខែ ឧសភាឆ្នាំ ២០១៩ នេះ សម្តេចបានគូសបញ្ជាក់ថាបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានឡើងដល់ជាង២ពាន់លានដុល្លារ ក្នុងនោះប្រទេសកម្ពុជានាំចូលទៅទីផ្សារជប៉ុនមានជាង១៦០០លានដុល្លារ ហើយជប៉ុននាំទៅកម្ពុជាវិញមានតែ៩០០លានប៉ុណ្ណោះទេ។
-->
សម្តេចតេជោក៏ ជំរុញបន្ថែមទៀត ក្នុងការនាំចូលផលិតផលកសិផលរបស់កម្ពុជាជាពិសេសនូវវត្ថុធាតុដើមកែច្នៃ ពីកម្ពុជានាំចេញទៅប្រទេសជប៉ុន។សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញធ្វើយ៉ាងណាឲ្យមានការចរចារវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្នុងការធ្វើយ៉ាងណាឲ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលជាចំណុចសំខាន់សំរាប់អ្នកវិនិយោគ និងទី២ ពាក់ព័ន្ធទៅនឹងពន្ធកាត់ទុកមួយភាគរយនេះ សម្តេចនឹងពិចារណាក្នុងការលុបចោល។
លោក Nbuhiko Sasaki ប្រធាន និងជានាយកប្រតិបត្តិថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានសម្តែងការអរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលកែសម្រួលបរិយាកាសនៃការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដែលការកែសម្រួលទាំងអស់នោះគឺបានចំណេញពេលវេលាច្រើន ដោយសារការកាត់បន្ថយនូវការត្រួតពិនិត្យកាំកុងត្រូល និងថ្លៃសេវាផ្សេងៗ។
មិនត្រឹមតែប៉ុណ្ណោះ លោកបានចាត់ទុកថាភាគីជប៉ុន ពិតជារីករាយក្នុងការមកធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ជាពិសេសការធ្វើលើវិស័យដឹកជញ្ជូននេះ។ លោកបន្តថា ការបើកការិយាល័យនៅកម្ពុជាក្នុងឆ្នាំ២០១០ ដែលពេលនោះមានតែក្រុមហ៊ុន៤៥ទេ ប៉ុន្តែរហូតមកដល់ពេលនេះ តាមការកត់ត្រារបស់អង្គការ JETRO កើនឡើងរហូតដល់២១៦ក្រុមហ៊ុន។
លោក ណូប៊ីហ៊ីកូ សាសាគីបានមានប្រសាសន៍ថា លោកមានផែនការក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផងដែរ ជាពិសេសលោកផ្ទាល់ និងលោកសុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងធ្វើការជាមួយគ្នា ហើយនឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីជួយសម្រួលដល់ការវិនិយោគពីបណ្ដាក្រុមហ៊ុនជប៉ុនផងដែរ ជាពិសេសដើម្បីជំរុញបរិយាកាសវិនិយោគឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។
លោកបានរំលឹកកាលពីខែមិនា ឆ្នាំ២០១៩នោះ ជាអ្វីដែលអង្គការ JETRO បានទទួលបាននោះ គឺនៅពេលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំនៃវេទិការដ្ឋាភិបាល និងវិស័យឯកជនដែលបានកើតនូវបរិយាកាសវិនិយោគដ៏ល្អ៕