សម្តេច​តេជោ​អះអាង​ថា​កម្ពុជា​មិន​ធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​ចិន​នោះ​ទេ​

0
សម្តេច​នាយក​រដ្ឋមន្ត្រី​កំពុង​ថ្លែង​នៅក្នុង​សន្និសីទ​អន្តរជាតិ​ នៅ​ប្រទេស​ជប៉ុន​លើក​ទី២៥ស្តី​ពី​ «អនាគត​របស់​អាស៊ី​» នាទី​ក្រុង​តូក្យូ​

ដោយ​ វុត្ថា​

តូ​ក្យូៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ឲ្យដឹង​ថា​ ការ​ទទួល​បាន​ប្រាក់កម្ចី​របស់​ចិន​មក​អភិវឌ្ឍន៍​កម្ពុជា​ មិនមែន​មានន័យថា​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន​ ឬធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​ចិន​នោះ​ទេ​។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​សន្និសីទ​អន្តរជាតិ​ នៅ​ប្រទេស​ជប៉ុន​លើក​ទី២៥ស្តី​ពី​ «អនាគត​របស់​អាស៊ី​» នាទី​ក្រុង​តូក្យូ​នៅ​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ ថា​ សម្រាប់​កម្ពុជា​អាច​រក្សា​អធិបតេយ្យ​របស់​ខ្លួន​បាន​ នៅពេល​ខ្ចីប្រាក់​ពី​ប្រទេស​ចិន​ ក៏ដូចជា​ប្រទេស​ផ្សេងទៀត​ ស្របតាម​គម្រោង​ដែល​កម្ពុជា​ត្រូវការ​។

សម្តេច​តេជោ​បន្ត​ថា​ “ខ្ញុំ​បាន​លឺ​គេ​និយាយ​រឿង​នេះ​ជាច្រើន​ថា​ កម្ពុជា​អាច​នឹង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​។ និយាយ​មួយ​បែប​មិនមែន​ជា​បញ្ហា​ផ្លូវ​មួយ​ក្រវ៉ា​តមួយ​នោះ​ទេ​ ក៏ប៉ុន្តែ​ខ្ញុំ​អាច​បញ្ជាក់​ថា​មិនដល់​ថ្នាក់​ហ្នឹង​នោះ​ទេ​”។ សម្តេច​បន្ត​ថា​ “ប្រទេស​ខ្លះ​ជំពាក់បំណុល​គេ​រហូតដល់​ ២០០​ ភាគរយ​ ទៅ៣០០ភាគរយ​ ​ឬ៥០០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​ (GDP​)ប៉ុន្តែ​មិនបាន​បាន​ជំពាក់​ចិន​ឯណា​ វា​មិនមែន​ជា​អន្ទាក់​ចិន​ទេ​”។

សម្តេច​តេជោ​ហ៊ុន​ សែន​បាន​បន្ត​ថា​ សម្រាប់​កម្ពុជា​ យើង​រក្សា​បាន​នូវ​អធិបតេយ្យ​របស់​យើង​ក្នុង​ការខ្ចី​ គឺ​ខ្ចី​ទៅតាម​គម្រោង​ ដែល​កម្ពុជា​ត្រូវការ​ ហើយ​ចិន​គោរព​នូវ​ការសម្រេច​របស់​យើង​។ ការខ្ចី​នេះ​ កម្ពុជា​មានការ​ប្រុងប្រយ័ត្ន​ខ្លាំង​ណាស់​ ដោយ​មកដល់ពេលនេះ​ កម្ពុជា​ទើបនឹង​ខ្ចីគេ​ស្មើនឹង២១​,៥ភាគរយ​ប៉ុណ្ណោះ​ នៃ​អនុបាត៤០ភាគរយ​ ដែល​អនុញ្ញ​ត្តិ​ឲ្យខ្ចី​។

សម្តេច​ហ៊ុន​សែន​បន្ត​ថា​ “យើង​ខ្ចីប្រាក់​កម្ចីសម្បទាន​ពី​ប្រទេស​ចិន​ ដោយសារ​មាន​អត្រា​ការប្រាក់​ទាប​ និង​ផ្តល់​ប្រាក់សំណង​រយៈពេល​យូរ​”។

រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​វិនិយោគ​ផ្ទាល់​ ពី​បរទេស​ប្រមាណ៧៧ភាគរយ​ពី​ប្រទេស​ចិន​។ ប្រទេស​ចិន​មិន​ត្រឹមតែ​ក្លាយទៅជា​ដៃគូ​ពាណិជ្ជកម្ម​ ដ៏​ធំ​បំផុត​របស់​កម្ពុជា​ប៉ុណ្ណោះទេ​ ថែមទាំង​ជា​អ្នក​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​ និង​ម្ចាស់​ជំនួយ​ទ្វេភាគី​តាមរយៈ​ការនាំចូល​អង្ករ​កម្ពុជា​ និង​ប្រភព​ដើម​នៃ​ភ្ញៀវ​ទេសចរ​បរទេស​។

យោង​តាម​ក្រុមហ៊ុន​ Knight​ Frank​ Cambodia​ ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​កម្ពុជា​ទទួល​បានការ​វិយោគ​ពី​ចិន​ចំនួន៣.៨ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន​ ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​និង​គម្រោង​ផ្លូវ​ហាយ​វេ​។

គម្រោង​ថវិការ​រាប់ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ វិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្វើឲ្យ​ប្រទេស​នេះ​ជិត​ថិត​នៅ​កំពូល​ នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ គម្រោង​វិ​និ​យោ​គធំៗ​របស់​ចិន​ នា​ពេល​បច្ចុប្បន្ន​ភាគច្រើន​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ២.០៨​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ លើ​ផ្លូវ​ហា​វេ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ ដែល​ជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​កដឹកជញ្ជូន​ទំនិញ​របស់​កម្ពុជា​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​ វិស័យ​ទេសចរណ៍​  ថាមពល​អគ្គិសនី​ និង​កសិកម្ម​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here