សណ្ឋាគារ​ដ៏ធំមួយ​ក្រោមកិច្ច​សហការរវាង​ក្រុមហ៊ុនអាល្លឺម៉ង់​ និង OCIC បើក​ដំណើរ​ការ​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ ជាដំណឹងដ៏រីករាយមួយ ដែលក្រុមហ៊ុនOCIC និងក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts បានបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា TUI Suneo Olympia Phnom Penh ដើម្បីឆ្លើយតប កំណើនភ្ញៀវទេសចររបស់ក្រុមហ៊ុនពីទ្វីបអឺរ៉ុប និងជុំវិញពិភពលោក។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីបើកសម្ពោធជាផ្លូវការសណ្ឋាគារ TUI Suneo Olympia Phnom Penh ដែលជាការបើកដំណើរការម៉ាក TUI Suneo ជាលើកដំបូងនៅកម្ពុជា និងជាការពង្រីកវត្តមានបន្ថែមទៀត របស់ក្រុមហ៊ុនអាឡឺម៉ង់ TUI Hotels & Resorts នៅកម្ពុជា បន្ទាប់ពីជោគជ័យលើគំរោងរបស់ខ្លួននៅខេត្តព្រះសីហនុ និងសៀមរាប។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមហ៊ុន OCIC, លោក Artur Gerber នាយកប្រតិបត្តិ TUI Hotels & Resorts អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ីនវេសមិន ឯ.ក (CAIC) ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ១០០រូប។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើការសម្រេចបណ្តាក់ទុនដ៏ច្រើន របស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំមួយ នៅក្នុងពិភពលោកនៅកម្ពុជា និងសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ TUI Hotels & Resorts ចំពោះការបើកសម្ពោធសណ្ឋាគារTUI Suneo Olympia Phnom Penh ដែលជាសណ្ឋាគារដ៏ធំទី៣ របស់ក្រុមហ៊ុន TUI Hotels & Resorts នៅកម្ពុជា បន្ទាប់ពីការបើកដំណើរការ TUI Blue Sihanoukville នៅខេត្តព្រះសីហនុ និង TUI Blue Angkor Grace នៅខេត្តសៀមរាប។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា “ការពង្រីកវត្តមានរបស់ក្រុមហ៊ុនទេសចរណ៍ TUI Blue នៅកម្ពុជា ពិតជារួមចំណែកដ៏សកម្ម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសកក្នុងវិស័យសេវាកម្មស្នាក់នៅ (សណ្ឋាគារ) ក៏ដូចផ្តល់នូវការងារផ្ទាល់នៅហ្នឹងកន្លែង ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់នៅទីតាំងទាំង៣របស់ក្រុមហ៊ុន”។

លោកបន្ថែមថា “ការសម្រេចចិត្តបើកសណ្ឋាគារថ្មីនេះ គឺការសម្រេចចិត្តដ៏ត្រឹមត្រូវ និងចំឱកាសមាស ដោយហេតុថាប្រទេសកម្ពុជាជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ហើយក្រសួងទេសចរណ៍ ត្រូវបានចាត់តាំងរៀបចំកម្មវិធីអម “ភូមិហ្រ្វង់កូហ្វនី” ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅសួនច្បារវត្តបទុម ដែលមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗ ជាង៩០ប្រទេសពីគ្រប់ទ្វីបនៃពិភពលោក និងថ្នាក់ដឹកនាំវិស័យឯកជនរាប់ពាន់ក្រុមហ៊ុនផងដែរ៕


ចែករំលែក