ដោយៈ ម៉ាណា
ភ្នំពេញៈ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៦ មានក្រុមហ៊ុនចុះបញ្ជីទាំងអស់ចំនួន ២៨ ដែលចុះបញ្ជីទាំងផ្នែកមូលបត្រកម្មសិទ្ធិ និងផ្នែកមូលបត្របំណុល ដែលគិតជាសាច់ប្រាក់ប្រមូលបានប្រមាណ១ពាន់លានដុល្លារ។
អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បាននិយាយថា វិស័យមូលបត្រកម្ពុជា ត្រូវបានអភិវឌ្ឍស្របតាមអភិក្រមចំនួន ២ រួមមាន ១. ការប្រកាន់ភ្ជាប់នូវស្មារតីបុរេសកម្ម វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ គឺអភិក្រមធ្វើបណ្ដើររៀនបណ្ដើរ ឆ្លងស្ទឹងស្ទាបថ្ម និងការចាប់យកនវានុវត្តន៍បន្ថែម ក្នុងគោលដៅជំរុញនិងអនុវត្តវិស័យមូលបត្រ និង២. ការអនុវត្តបន្តតាមយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យមូលបត្រ ២០២៥-២០៣៥ ដែលទទួលបាននូវការអនុម័ត និងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នាលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យបានដឹងថា សមិទ្ធផលទាំងអស់នេះបង្ហាញថា អាណត្តិទី១ បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំចាំបាច់ក្នុងការអភិវឌ្ឍស្ថាប័នតាមវិស័យនីមួយៗ ជាមួយនឹងការរីកចម្រើន ការធ្វើពិពិធកម្ម និងភាពប្រទាក់ក្រឡាកាន់តែខ្លាំង ដែលនេះទាមទារឱ្យ អ.ស.ហ. បន្តលើកកម្ពស់គុណភាពអភិបាលកិច្ច សមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពនៃយន្តការគ្រប់គ្រងឱ្យសមស្រប ទៅនឹងទំហំកម្រិតហានិភ័យ និងភាពស្មុគស្មាញកាន់តែខ្ពស់របស់វិស័យនេះ។
លោកបញ្ជាក់ថា “គុណភាព និងអភិបាលកិច្ចទិន្នន័យសមត្ថភាពក្នុងការតាមដាន វាយតម្លៃហានិភ័យ កិច្ចការពារអ្នកប្រើប្រាស់ និងការឆ្លើយបតទៅនឹងការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាកិច្ចការត្រូវយកចិត្តទុកដាក់ និងពង្រឹកបន្ថែមក្នុងដំណាក់កាលបន្ទាប់”៕







