ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លំហូរចរាចរណ៍ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍតំបន់ពាណិជ្ជកម្មកណ្តាល (CBD) នៅភាគខាងត្បូងទំនងជានឹងពង្រីកខ្លួនបន្ថែម ជាជាងគ្រាន់តែផ្លាស់ប្តូរទីតាំងប៉ុណ្ណោះ។
មហាវិថីសម្តេច ហ៊ុន សែន បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវតភ្ជាប់ដ៏សំខាន់រវាងតំបន់CBD ដែលមានស្រាប់ និងតំបន់ទីក្រុងរណបនៅភាគខាងត្បូង។
ក្រុមហ៊ុន Peng Huoth ផ្ទាល់បានពណ៌នាតំបន់នេះថា មហាវិថីនេះ តភ្ជាប់មជ្ឈមណ្ឌលទីក្រុងរណប ទៅនឹងតំបន់CBD បច្ចុប្បន្នរបស់រាជធានីភ្នំពេញ។
ហេតុអ្វីបានជាអ្នកជំនាញ មានសុទិដ្ឋិនិយមខ្ពស់ចំពោះរឿងនេះ?មានមូលដ្ឋានសូចនាករចង្អុលបង្ហាញមួយចំនួនដូចជា ទី១ ព្រលានយន្តហោះអន្តរជាតិតេជោ ផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនៃរាជធានីភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) មានទីតាំងស្ថិតនៅចម្ងាយប្រហែល២០គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ ដោយដំណាក់កាលទី១ ត្រូវបានរចនាឡើងដើម្បីទទួលអ្នកដំណើរចំនួន១៥ លាននាក់ក្នុងមួយឆ្នាំ និងមានគោលដៅទទួលអ្នកដំណើរចំនួន១០ លាននាក់ត្រឹមឆ្នាំ២០៣០។
ផែនការអភិវឌ្ឍន៍នេះ បង្កើតបានជាខ្សែសង្វាក់តម្រូវការរយៈពេលវែងដ៏ខ្លាំងក្លាមួយ គឺការតភ្ជាប់CBDមហាវិថីសម្តេច ហ៊ុន សែន ជាមួយទីក្រុងING City ជាមួយក្រុងតាខ្មៅ ជាមួយស្រុកកណ្តាលស្ទឹង។
ទី២. វាបាននិងកំពុងក្លាយជាច្រករបៀងសេដ្ឋកិច្ច មិនមែនគ្រាន់តែជាផ្លូវទៅកាន់អាកាសយានដ្ឋានប៉ុណ្ណោះទេ។ ការអភិវឌ្ឍជុំវិញ KTI រួមមានគម្រោងលំនៅដ្ឋាន ពាណិជ្ជកម្ម ភស្តុភារកម្ម ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស (SEZ)។ ទី៣. ច្រករបៀងនេះមានមូលដ្ឋានគ្រឹះរឹងមាំរួចទៅហើយ។ សាលារៀន លំនៅដ្ឋាន ហាងលក់រាយ និងគម្រោងអភិវឌ្ឍន៍ធំៗ នៅជុំវិញមហាវិថីសម្តេច ហ៊ុន សែន មានសារៈសំខាន់ណាស់ ព្រោះវាបង្កើតឱ្យមានចំនួនប្រជាជន និងការងារជាក់ស្តែង ជាជាងការពឹងផ្អែកតែលើការរំពឹងទុក លើតម្លៃអចលនទ្រព្យប៉ុណ្ណោះ។

ទោះជាយ៉ាងណា ទីតាំងខាងលើនេះ មានភាពចំណុចខុសគ្នាសំខាន់មួយ ដោយអ្នកជំនាញមិនរំពឹងថា ច្រករបៀងទាំងមូលចាប់ពីមហាវិថីសម្តេច ហ៊ុន សែន ទៅកាន់KTI នឹងក្លាយជាតំបន់ CBD ដូចទៅនឹងតំបន់បឹងកេងកង១ (BKK1) ក្នុងរយៈពេល៥ឆ្នាំនោះទេ។
ផ្ទុយទៅវិញ គេមានការរំពឹងថា តំបបន់នេះ នឹងមានលក្ខណៈដូចខាងក្រោម ដោយគិតពីឆ្នាំ២០២៦ ២០២៧៖ ហេដ្ឋារចនាសម្ព័ន្ធ + ការពង្រឹងតំបន់លំនៅដ្ឋាន។ ឆ្នាំ២០២៨ ២០២៩៖ ការកើនឡើងនៃហាងលក់រាយ ការិយាល័យ សាលារៀន សេវាកម្ម និងគម្រោងប្រើប្រាស់ចម្រុះ។
ចាប់ពីឆ្នាំ២០៣០ ២០៣១ តំបន់នេះ នឹងក្លាយជាមជ្ឈមណ្ឌលទីក្រុងភាគខាងត្បូងកាន់តែរឹងមាំ ប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម/ភស្តុភារកម្មទាក់ទងនឹងអាកាសយានដ្ឋាន ផ្នែកដែលតភ្ជាប់ពីទីក្រុងកោះពេជ្រ នរា ផ្នែកខាងក្នុងនៃមហាវិថីសម្តេច ហ៊ុន សែន មានឱកាសខ្ពស់បំផុតក្នុងការក្លាយជាតំបន់CBD រង (secondary CBD) ឬតំបន់ពាណិជ្ជកម្មភាគខាងត្បូងដ៏ពិតប្រាកដមួយ។
នៅពេលអ្នកធ្វើដំណើរឆ្ពោះទៅកាន់KTI កាន់តែឆ្ងាយ លក្ខណៈនៃតំបន់នឹងផ្លាស់ប្តូរ ទៅជាទីក្រុងអាកាសយានដ្ឋាន (airport city) រួមជាមួយភស្តុភារកម្ម ឧស្សាហកម្ម និងលំនៅដ្ឋាន៕







