តម្រូវការ​លំនៅឋាន​នៅ​ប្រទេសកាណាដា​បន្ត​ធ្លាក់​ចុះ​នៅ​ខែកញ្ញា ​ខណៈអត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​កើន​ឡើងខ្ពស់​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: សមាគមអចលនទ្រព្យកាណាដា (Canadian Real Estate Association) បានឱ្យដឹងថា ការលក់លំនៅឋាននៅប្រទេសកាណាដាបានបន្តធ្លាក់ចុះនៅខែកញ្ញា បន្ទាប់ពីបានធ្លាក់ចុះរួចមកហើយកាលពីខែសីហា។

ការធ្លាក់ចុះនេះបណ្តាលមកពីអត្រាការប្រាក់កម្ចីទិញផ្ទះបានកើនឡើងខ្ពស់ជាងមុន រួមជាមួយនឹងការរំពឹងទុកថា ធនាគារកណ្តាលកាណាដានឹងដំឡើងអត្រាការប្រាក់ ដែលកត្តាទាំងនេះបានធ្វើឱ្យសកម្មភាពទីផ្សារថមថយចុះ។

ការលក់លំនៅឋាននៅទូទាំងប្រទេសបានធ្លាក់ចុះ ២,៣% ក្នុងខែកញ្ញា បន្ទាប់ពីបានធ្លាក់ចុះ ០,៧% នៅក្នុងខែសីហា។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការលក់ផ្ទះបានធ្លាក់ចុះ ៧,៧%។

បន្ទាប់ពីមានការកើនឡើងវិញនៅក្នុងខែសីហា ចំនួនលំនៅឋានដែលដាក់លក់ថ្មីទូទាំងប្រទេសនៅខែកញ្ញាបានធ្លាក់ចុះ ១,៨% បើធៀបនឹងខែសីហា។

លោក Shaun Cathcart សេដ្ឋវិទូជាន់ខ្ពស់នៃសមាគមអចលនទ្រព្យកាណាដា (CREA) បានលើកឡើងថា៖ «នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារតែការកើនឡើងយ៉ាងគំហុកនៃអត្រាការប្រាក់កម្ចីទិញផ្ទះ (mortgage rates) ថ្មីៗនេះ»។

ជាមួយគ្នានេះ ធនាគារកណ្តាលកាណាដា (Bank of Canada) ក៏ត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់ នៅមុនដំណាច់ឆ្នាំ២០២៦នេះផងដែរ៕


ចែករំលែក