ដោយៈ ម៉ាណា
ប៉ារីសៈ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Nicolas Forissier រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នៃសាធារណរដ្ឋបារាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅពន្លាជាតិកម្ពុជា ក្នុងឱកាសដែលលោកជំទាវរដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris 2026។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ លោករដ្ឋមន្ត្រីប្រតិភូ មកកាន់ពន្លាជាតិកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ រវាងប្រទេសទាំងពីរ។
លោកជំទាវរដ្ឋមន្ត្រី បានជម្រាបជូនថា នេះគឺជាលើកដំបូង ដែលក្រសួងពាណិជ្ជកម្ម រៀបចំពន្លាជាតិកម្ពុជា និងសម្របសម្រួលនាំមកជាមួយនូវបណ្តាក្រុមហ៊ុន-សហគ្រាសកម្ពុជាចំនួនប្រមាណ៣០ ក្រុមហ៊ុនមកចូលរួមតាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ បន្ថែមលើពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានក្រុមហ៊ុនសហគ្រាសនាំចេញអង្កររបស់កម្ពុជាចំនួន១២ មកចូលរួមក្នុងពិព័រណ៍ SIAL Paris 2026 ផងដែរ។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីប្រតិភូ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអញ្ជើញចូលរួមរបស់ លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ក្នុងពិព័រណ៍ SIAL Paris 2026 និងបានបញ្ជាក់ថានឹងអាចពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម លើវិស័យសំខាន់ៗជាច្រើនទៀត។

ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្ត្រីប្រតិភូ ក៏បានជម្រាបជូនអំពីសក្តានុពល ចំណុចពិសេសៗ របស់ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិSIAL Paris ដែលជានិច្ចកាលទាក់ទាញក្រុមហ៊ុនចូលរួមតាំងបង្ហាញប្រមាណជិត៨,០០០ អ្នកទស្សនា និងអ្នកបញ្ជាទិញសក្តានុពលប្រមាណ២៨៥,០០០នាក់ មកពីជាង១៣០ប្រទេសជុំវិញពិភពលោក ដែលក្នុងនោះ លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់អំពីជំហររបស់កម្ពុជាក្នុងការបន្តចូលរួមព្រឹត្តិការណ៍ SIAL Parisនេះ នៅឆ្នាំបន្តបន្ទាប់ ដើម្បីនាំមកនូវផលិតផលសក្តានុពល របស់កម្ពុជាជាច្រើនទៀតមកតាំងបង្ហាញ និងផ្សព្វផ្សាយលើឆាកអន្តរជាតិ ឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត៕







