រដ្ឋាភិបាល​អនុម័ត​គម្រោង​វិនិយោគ​ចំនួន២​នៅ​ភូមិភាគឦសាន​ក្រោម​ទុន​៤២​លាន​ដុល្លារ​អាមេរិក​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញវិនិយោគ ក្នុងភូមិភាគឦសាន លើកទី៧។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង ដែលជាសមាជិកក្រុមការងារ ដើម្បីពិនិត្យ វាយតម្លៃលើការផ្តល់ការសម្របសម្រួល និងការលើកទឹកចិត្ត ដល់គម្រោងវិនិយោគចំនួន២ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន ការដាំដុះឈើដាំ (ដើមកៅស៊ូ, ដើមគរ, ដើមប្រេងខ្យល់) និងរោងចក្រកែច្នៃឈើដាំ ដែលការវិនិយោគទាំង២ នេះនឹងបន្ថែមមូលធនប្រមាណ៤២លានដុល្លារអាម៉េរិក ចូលក្នុងសេដ្ឋកិច្ចកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ច កំពុងតែប្រឈមនឹងបញ្ហានៃពហុវិបត្តិ ដោ​យស្ថាប័នអន្តរជាតិធំៗ ក៏ដូចជា រាជរដ្ឋាភិបាលបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងឆ្នាំ២០២៦ នឹងមានកំណើនថមថយ បើធៀបនឹងឆ្នាំ ២០២៥ កន្លងទៅ ។ ក្នុងន័យនេះ កិច្ចប្រជុំ ក.វ.ឦសានលើកទី៧នេះ មានបេសកកម្មសំខាន់ ក្នុងការសម្របសម្រួលកិច្ចការវិនិយោគផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគ ផងដែរ ។

កិច្ចប្រជុំបានពិភាក្សាដោយសង្កត់ធ្ងន់ លើការសម្របសម្រួល និងជំរុញនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការកំណត់អត្តសញ្ញាណដីសុវត្ថិភាព ដែលអាចផ្តល់ជូនក្រុមហ៊ុន សម្រាប់បង្កើនការវិនិយោគលើការដាំដុះ និងកែច្នៃផលិតផលឈើដាំ នៅលើដីសម្បទានសេដ្ឋកិច្ច និងដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ។ ការចុះបញ្ជីដីរដ្ឋ និងការកំណត់អត្តសញ្ញាណដីឱ្យបានច្បាស់លាស់ មានសារសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនទំនុកចិត្តជូនវិនិយោគិន សម្រាប់ការអនុវត្តផែនការវិនិយោគរបស់ក្រុមហ៊ុន។

ទន្ទឹមនេះ ក្រុមហ៊ុនបានស្នើសុំការអនុញ្ញាតសាងសង់ផ្លូវ និងស្ពា​ននៅទីតាំងគម្រោង ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន។ កិច្ចប្រជុំបានពិភាក្សា និងវាយតម្លៃ លើសមត្ថភាពអនុវត្តគម្រោង និងអនុ​លោ​មភាពគតិយុត្ត ដែលក្រុមហ៊ុនត្រូវបំពេញផងដែរ ។ ជារួម អង្គប្រជុំបានឯកភាពផ្តល់ការគាំទ្រ និងសម្របសម្រួលនីតិវិធីខាងលើជូនក្រុមហ៊ុន។

បណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា កិច្ចការនេះមានភាពប្រទាក់ក្រឡាគ្នាខ្លាំង ដែលមិនអាចក្រសួង ឬស្ថាប័នណាមួយ ដោះស្រាយតែម្នាក់ឯងបាន ដូច្នេះហើយការខិតខំសម្របសម្រួល ប្រកបដោយស្មារតីបុរេសកម្ម និងការប្រកាន់ខ្ជាប់នូវអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” គឺមានភាពចាំបាច់មិនអាចខ្វះបាន ដើម្បីផ្តល់នូវដំណោះស្រាយជាកញ្ចប់ជូនដល់ក្រុមហ៊ុន រួមទាំង ៖១).ការចូលរួមស្វែងរកដី សម្រាប់គម្រោងវិនិយោគសក្តានុពលថ្មីៗ ដែលផ្តល់ផ្លែផ្កាជូនប្រជាជនក្នុងតំបន់ និង ប្រទេសជាតិ។

២).ការចូលរួមដោះស្រាយបញ្ហាទន្រ្ទាន កាន់កាប់ដីខុសច្បាប់របស់ប្រជាពលរដ្ឋ លើដីដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគរួចហើយ និង៣).ការសម្របសម្រួលលើការផ្តល់នីត្យានុកូលកម្ម ជូនគម្រោងវិនិយោគលើសម្បទានដី សេដ្ឋកិច្ចមានស្រាប់ ដើម្បីធានាចីរភាពរយៈពេលវែង និង ផ្តល់ទំនុកចិត្តសម្រាប់ការវិនិយោគថ្មីបន្ថែមទៀតនៅលើដីទំនេរ ឱ្យអស់សក្តានុពល។

លោកបណ្ឌិតសភាចារ្យ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន បន្តចូលរួមក្នុងការងារនេះ ដោយបន្តផ្តល់នូវការសម្របសម្រួលជាអតិបរមា តាមដែនសមត្ថកិច្ចរៀងៗខ្លួន សំដៅរួមគ្នាបំផុស និងជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឱ្យពេញសក្តានុពល៕


ចែករំលែក