ដោយៈ ចំណាន
ភ្នំពេញៈ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ ដំណាក់កាលរៀបចំគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែននៅកម្ពុជា (Cambodia Cross-border Connectivity Enhancement Project – 3CEP) ជាមួយ លោកTomás Herrero និង លោក Corey Wong អ្នកជំនាញការតំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នាយករងគម្រោង សមាជិក សមាជិកា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពាក់ព័ន្ធ និងសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសKCI-BOTEK JV។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារសំខាន់ៗ នៃការរៀបចំគម្រោង រួមមាន៖ (១)-ការងារគ្រប់គ្រងហិរញ្ញវត្ថុគម្រោង (២) -ការងារកិច្ចលទ្ធកម្មគម្រោង (៣)-ការងារសិក្សាសមិទ្ធិលទ្ធភាព និង(៤) ការរៀបចំគំនូសប្លង់វិស្វកម្មលម្អិត។
កិច្ចប្រជុំក៏បានពិភាក្សាលើបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយសមស្រប ព្រមទាំងកំណត់ទិសដៅការងារអាទិភាព ដើម្បីធានាបានថាគម្រោងនេះ អាចសម្រេចបានទាន់ពេលវេលា មានប្រសិទ្ធភាព និងក្នុងស្មារតីសហការគ្នាយ៉ាងជិតស្និទ្ធ។
គម្រោង3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារAIIB ដែលសមិទ្ធផលនៃគម្រោងនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូន ក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសគម្រោងនេះក៏នឹងជំរុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់៕







