ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅក្នុងទីក្រុងធំៗទាំងអស់ (capital) របស់ប្រទេសអូស្ត្រាលីបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ ក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២៦។
តម្លៃផ្ទះជាមធ្យមនៅទីក្រុងធំៗទាំងនោះ បានធ្លាក់ចុះ ៤,៧ ភាគរយចន្លោះខែមិថុនាដល់ខែកញ្ញា ដែលជាការធ្លាក់ចុះប្រចាំត្រីមាសដ៏ធំបំផុតមិនធ្លាប់មាន ខណៈដែលតម្លៃខុនដូ ឬអាផាតមុិន (units) ជាមធ្យមបានធ្លាក់ចុះ ៣,៥ ភាគរយ។
នេះជារយៈពេល២ត្រីមាសជាប់ៗគ្នាដែលតម្លៃអចលនទ្រព្យទាំងពីរប្រភេទបានធ្លាក់ចុះ ហើយកំណើនតម្លៃប្រចាំឆ្នាំបានធ្លាក់ចុះដល់កម្រិតអវិជ្ជមានជាលើកដំបូងក្នុងរយៈពេលជាង ៣ ឆ្នាំ។ តម្លៃផ្ទះនៅក្នុងទីក្រុង (capital) របស់រដ្ឋ និងដែនដីទាំង ៨ នៅក្នុងប្រទេសអូស្ត្រាលី បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ។
នៅទីក្រុងស៊ីដនី ដែលជាទីផ្សារអចលនទ្រព្យមានតម្លៃថ្លៃបំផុតរបស់ប្រទេសអូស្ត្រាលី តម្លៃផ្ទះជាមធ្យមបានធ្លាក់ចុះ ៤,៧ ភាគរយនៅក្នុងត្រីមាសទី៣ មកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល ២ ឆ្នាំ។
ទីក្រុង Perth ដែលជារដ្ឋធានីនៃរដ្ឋ Western Australia បានជួបប្រទះការធ្លាក់ចុះនៃតម្លៃផ្ទះចំនួន ៧,៤ ភាគរយ និងតម្លៃខុនដូ (ឬអាផាតមិន) ចំនួន ៦,៥ ភាគរយ ក្នុងត្រីមាសទី៣។ តួលេខទាំងនេះជាការធ្លាក់ចុះខ្លាំងបំផុត បើធៀបនឹងរដ្ឋធានីផ្សេងៗទៀត។
ការធ្លាក់ចុះនៃតម្លៃផ្ទះនៅទូទាំងប្រទេសអូស្ត្រាលីនឹងធ្វើឱ្យទំនុកចិត្តរបស់អ្នកទិញថយចុះ បណ្តាលមកពីការដំឡើងអត្រាការប្រាក់ សម្ពាធនៃការចំណាយលើការរស់នៅ និងវិធានការរបស់រដ្ឋាភិបាលសហព័ន្ធក្នុងការកាត់បន្ថយការអនុគ្រោះពន្ធសម្រាប់អ្នកវិនិយោគលើអចលនទ្រព្យ៕







