រដ្ឋាភិបាល​កំពុង​ស្វែង​រក​ដំណោះស្រាយ​ និង​ទី​ជម្រក​សមរម្យ​ជូន​ប្រជាពលរដ្ឋ​រស់​នៅ​ទីតាំង​មិន​រៀប​រយ​ក្នុង​ខេត្តសៀមរាប

ចែករំលែក

ដោយៈ ចំណាន

    សៀមរាបៈ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានថ្លែងថា ក្រសួងនឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការស្វែងរកដំណោះស្រាយ និងទីជម្រកសមរម្យជូនប្រជាពលរដ្ឋរស់នៅទីតាំងមិនរៀបរយតាមដងផ្លូវសាធារណៈ ក្នុងខេត្តសៀមរាប។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ កំពុងបន្តយកចិត្តទុកដាក់ខ្ពស់ និងគិតគូរយ៉ាងខ្លាំងអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្តោតជាពិសេសទៅលើការស្វែងរកដំណោះស្រាយ និងការរៀបចំទីជម្រកសមរម្យជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមទីតាំងមិនរៀបរយ ឬតាមដងផ្លូវសាធារណៈ។

ជាក់ស្តែង នៅខេត្តសៀមរាប មានបងប្អូនប្រជាពលរដ្ឋតាំងទីលំនៅមិនរៀបរយចំនួន១,៧៣៨គ្រួសារ ស្មើនឹង១,៥៥១ខ្នងផ្ទះ ដែលក្រសួង និងអាជ្ញាធរពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះស្រាវជ្រាវ និងចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងប្រមូលទិន្នន័យ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសមស្រប និងចំគោលដៅ។

លោកឧបនាយករដ្ឋមន្ត្រីសាយ សំអាល់បានមានប្រសាសន៍ឲ្យដឹងថា “ក្រសួងមិនត្រឹមតែគិតគូរអំពីការដោះស្រាយ បញ្ហាទីតាំងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងគិតគូរ លើការសម្បទានជម្រកសង្គម និងវិធានការគាំទ្រផ្សេងៗ ដើម្បីធានាឱ្យបងប្អូនទទួលបានទីជម្រកដែលមានសុវត្ថិភាព ព្រមទាំងមានប្រព័ន្ធទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ”។

លោកបន្តថា កិច្ចការងារនេះ គឺដើម្បីធានាឱ្យបងប្អូនប្រជាពលរដ្ឋមានលំនឹងជីវភាព មានបន្ទប់គេងស្អាត បន្ទប់ទឹកស្អាត ចង្ក្រានបាយស្អាត មានម្ហូបអាហារលើតុ ព្រមទាំងមានសណ្តាប់ធ្នាប់រស់នៅល្អប្រសើរ និងមានឱកាសក្នុងការកសាងអនាគតគ្រួសារ ប្រកបដោយភាពកក់ក្តៅ និងសេចក្តីថ្លៃថ្នូរ៕


ចែករំលែក