តើ​អគារ​ខ្ពស់​ៗគួរ​ធ្វើ​ទី​ចំណត​យានយន្ត​ទំហំ​ប៉ុនណា​ទើបសម​ស្រប​និង​ទាក់ទាញ​អ្នក​វិនិយោគ​

0
អគារខ្ពស់នៅត្រោយម្ខាង។ រូបថត៖ ម៉ៃ វីរៈ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ការសាងសង់​អគារ​ធំៗ​ និង​ខ្ពស់​ៗ សម្រាប់​បម្រើ​ប្រយោជន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ឬអគារ​សម្រាប់​ស្នាក់នៅ​សហកម្មសិទ្ធិ​ ក៏ដូចជា​អគារ​អា​ផា​តម៉ិន​ គឺ​តែង​សាងសង់​ចំណត​សម្រាប់​យាន​យន្ត​ផ្សេង​ៗរបស់​អតិថិជន​ ដែល​ចេញចូល​បម្រើការ​ងារ​ និង​ស្នាក់នៅ​ក្នុង​អគារ​។

តើ​អ្នក​វិនិយោគ​គួរ​សាងសង់​ និង​ទុក​ទីធ្លា​ទំហំ​ប៉ុនណា​ ដែល​ស័ក្ដិសម​បំផុត​ទៅ​នឹង​តួ​អគារ​ទាំងមូល​។

ឆ្លើយតបទៅនឹង​ប្រធានបទ​ខាងលើ​នេះ​ លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ អគ្គលេខាធិការ​រង​គណៈ​កម្ម​កាស្ថា​បត្យ​កកម្ពុជា​-អាស៊ាន​ បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី៦​ មិថុនា​កន្លងមក​ថា​ នៅក្នុង​គម្រោង​សាងសង់​អគារ​នី​មួយ​ៗ គេ​តែងតែបាន​គិតទៅ​លើ​ទី​ចំណត​យានយន្ត​ ដែល​ជា​ចំណុច​សំខាន់​មួយ​ ក្នុងចំណោម​ចំណុច​សំខាន់​ជាច្រើន​ទៀត​នៅក្នុង​តួ​អគារ​។

លោក​បន្ត​ទៀត​ថា​ “មិនថា​ចំពោះតែ​ខុន​ដូ​ អា​ផា​តមិន​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ឬជា​អគារ​សម្រាប់​បម្រើ​វិស័យ​ការិយាល័យ​នោះ​ទេ​ ទី​ចំណត​សម្រាប់​យានយន្ត​គ្រប់​គឺ​ចាំបាច់​បំផុត​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​”។

​;លោក​សាស្រ្តា​ចារ្យ​បាន​បន្ត​ទៀត​ថា​ ជាទូទៅ​ទី​ចំណត​ គេ​តែង​សាងសង់​ប្រមាណ​ជា៦០​-៧០ភាគរយ​ ធៀប​ទៅ​នឹង​ចំនួន​យូនី​តសរុប​ ដោយមាន​ច្រកចេញ​-ចូល​ទូលាយ​ងាយស្រួល​បត់​ និង​មាន​សុវត្ថិភាព​ខ្ពស់​។ លោក​បន្ត​ថា​ ជួនកាល​គេ​អាច​សាងសង់​នៅ​ជាន់ក្រោយ​ដី​ ឬជាន់ផ្ទាល់ដី​ឡើងលើ​ជាដើម​ ដែល​វា​អាស្រ័យ​ទៅតាម​គម្រោង​ប្លង់​មេ​។ ជាទូទៅ​សម្រាប់​ទី​ចំណតរថយន្ត​មួយ​គ្រឿង​ គេ​ត្រូវការ​ទំហំ​ចាប់ពី​ ៣០​-៣៥​ ម៉ែត្រការ៉េ​ ប៉ុន្តែ​បើ​ផ្ទៃ​អគារ​របស់​អា​ផា​តម៉ិន​ ឬអគារ​ការិយាល័យ​ គេ​ត្រូវ​គិត​ចន្លោះ​ពី៤០​-៥០​ ម៉ែត្រការ៉េ​។

នាយក​ទីផ្សារ​ និង​ផ្នែក​លក់​ខុន​ដូ​ FURI​ Residence​ ដែល​មាន​ទីតាំងនៅ​ក្រុង​ព្រះសីហនុ​ លោក​ យី​ ភិរុណ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ចំពោះ​ទី​ចំណត​យានយន្ត​របស់​ខុន​ដូ​មួយ​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​ប្រកបដោយ​យកចិត្ត​ទុក​ខ្ពស់​ ដែល​ផ្តោត​សំខាន់​ទៅលើ​សុវត្ថិភាព​ និង​ភាព​ងាយស្រួល​ក្នុង​ទុកដាក់​។ លោក​បាន​បន្ត​ទៀត​ថា​ ខុន​ដូ​ FURI​ Residence​ ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ៦០០០ម៉ែត្រការ៉េ​ មាន​ចំនួន៥អគារ​ និង​មាន​កម្ពស់​រហូតដល់១៧ជាន់​ ដោយ​ត្រូវ​បែងចែក​ជា​អគារ​កាស៊ីណូ​ចំនួន២​ អគា​សណ្ឋាគារ​ចំនួន១​ និង​អគារ​ខុន​ដូ​ចំនួន២​។

លោក​បាន​បន្ត​ទៀត​ថា​ សម្រាប់​ចំណត​យានយន្ត​គឺ​មាន៣ជាន់​ ធំ​ទូលាយ​ និង​មាន​ទំហំ​ប្រមាណ៦០​-៦៥​ ភាគរយ​នៃ​ចំនួន​យូនី​តសរុប​ ដោយមាន​ច្រកចេញ​ និង​ច្រកចូល​ផ្សេងគ្នា​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ចរាចរណ៍​ មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ សន្តិសុខ​យាម​ ២៤ម៉ោង​ ដោយ​អនុញ្ញាត​ក្នុង​មួយ​យូនី​តមាន​សិទ្ធិ​ចន​យានយន្ត​ចំនួន​មួយ​គ្រឿង​។

មានប្រសាសន៍​ស្រដៀងគ្នា​នេះ​ដែរ​ លោកស្រី​ Grace​ Rachny​ Fong​ បាន​លើកឡើង​ថា​ រឿង​ចំណត​យានយន្ត​ជា​រឿង​សំខាន់​ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​សាងសង់​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​អគារ​ដែរ​។

លោកស្រី​បន្ត​ទៀត​ថា​ “ទោះជា​អា​ផា​តមិន​ដូចគ្នា​ ក៏​ត្រូវ​បាន​គេ​សង់​ចំណត​យានយន្ត​ខុសគ្នា​ដែរ​ ដែល​អាស្រ័យ​ទៅតាម​ប្រភេទ​អគារ​ សម្រាប់​អតិថិជន​ស្នាក់នៅ​ក្នុងរយៈពេល​យូរ​ ឬរយៈពេល​ខ្លី​ ជាក់ស្ដែង​ដូចជា​អា​ផា​តមិន​ ដែល​មាន​ភ្ញៀវ​បរទេស​ស្នាក់នៅ​ក្នុងរយៈពេល​ខ្លី​ ភាគច្រើន​មិនសូវ​មាន​យានយន្ត​នោះ​ទេ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here