ភ្នំពេញ៖ ភាគីរដ្ឋាភិបាល និងសហជីពនានា កំពុងមានការខ្វែងគំនិតគ្នាជុំវិញការដំឡើងប្រាក់ឈ្នួលអប្បបរិមាណនៅឆ្នាំ២០១៨ខាងមុខនេះ ខណៈរដ្ឋាភិបាល និងតំណាងភាគីនិយោជក បានកំណត់តួលេខចំនួន ១៦១ដុល្លារអាមេរិក ដោយឡែកភាគីសហជីពបានកំណត់យកតួលេខចំនួន១៧៦ដុល្លារអាមេរិក។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមាន ក្រោយចប់កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បី ពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជាសម្រាប់ឆ្នាំ២០១៨ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការងារ ឯកឧត្តម ហេង សួរ បានបញ្ជាក់បន្ថែមថា ក្នុងកិច្ច ប្រជុំរយៈពេលជាង៥ម៉ោងនាព្រឹកថ្ងៃនេះ ភាគីនីមួយៗបានបញ្ជាក់ពីគោលជំហរផ្លូវការរបស់ខ្លួនចំពោះមុខគ្នា ជាមួយនិងហេតុផលបឋមក្នុងការសម្រេចយកតួលេខខាងលើនេះ។
ឯកឧត្តមបន្តថា ក្រុមការងារនឹងបើកកិច្ចប្រជុំបន្តជាលើកទី២អំពីប្រាក់ឈ្នួល នឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃសុក្រ ទី២៨ខែកញ្ញាទៀត ដើម្បីកំណត់យក តួលេខសមស្របណាមួយក្នុងការកំណត់នូវកាលបរិច្ឆេទដើម្បីបោះឆ្នោតសម្រេចជាផ្លូវការ។
ទាក់ទិននឹងកិច្ចចរចាកំណត់ប្រាក់ឈ្នួលឆ្នាំ២០១៨នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសប្រើប្រាស់រូបមន្តចាស់ គឺគ្រប់ភាគីទាំងអស់រួមមាន ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គមនិងសេដ្ឋកិច្ច។ ផ្នែកសង្គមគឺត្រូវពិនិត្យលើស្ថានភាពគ្រួសារ ការចំណាយក្នុងការរស់នៅ។ ចំណែកផ្នែកសេដ្ឋកិច្ច គឺផ្តោតលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស និងស្ថានភាពទីផ្សារ។
ការសម្រេចប្រាក់ឈ្នួលអប្បបរិមាសម្រាប់និយោជិតក្នុងវិស័យវាយនភណ្ឌ នឹងត្រូវធ្វើឡើងនៅខែតុលា ហើយនៅថ្ងៃទី១មករាឆ្នាំ២០១៨ គឺជាថ្ងៃដែលប្រាក់ឈ្នួលអប្បបរមាចូលជាធរមាន។
បច្ចុប្បន្ន ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិកផ្នែកកាត់ដេរសំលៀកបំពាក់និងផលិតស្បែកជើងមានចំនួន១៥៣ដុល្លារអាមេរិក។ ប្រាក់ឈ្នួលនេះបានកើនឡើងប្រមាណជាង១៣ដុល្លារ បើធៀបទៅនឹងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០១៦៕