ដោយ ៖ វុត្ថា
បន្ទាយមានជ័យ ៖ រដ្ឋាភិបាលត្រៀមលក្ខណៈរៀបចំដាក់ចេញនូវយន្តការពិសេស ដើម្បីអភិវឌ្ឍតំបន់ជាយដែន តាមរយៈការទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគ កិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការជំរុញការប្រកួតប្រជែងរបស់កម្ពុជា ដោយឈរលើមូលដ្ឋាននៃការទាក់ទាញឱ្យចំគោលដៅ។
នៅក្នុងកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជាមួយមន្ត្រីជាន់ខ្ពស់ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩ នេះ បានពិភាក្សាយកចិត្តទុកដាក់លើការកំណត់នូវសកម្មភាពជាក់លាក់ដែលមានប្រសិទ្ធភាព ដើម្បីអនុវត្តនូវវិធានការបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កន្លងមក ដែលរួមមានការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន ការតភ្ជាប់បណ្តាញអគ្គីសនីនិងការរៀបចំដាក់លក់អគ្គីសនីដែលមានតម្លៃទាបនិងមានប្រសិទ្ធភាព ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការបង្កើនការសម្រួលពាណិជ្ជកម្មនិងផ្នែកឡូជីស្ទីកនៅតាមជាយដែន។
លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ជូនអង្គប្រជុំថា បច្ចុប្បន្នខេត្តមានច្រកទ្វាសំខាន់ចំនួន៣ និងកំពុងរៀបចំដំណើការច្រកទ្វា១ បន្ថែមទៀតនៅតំបន់ស្ទឹងបត់។ ជាមួយនេះដែរ អាជ្ញាធរខេត្តក៏បាននិងកំពុងសិក្សាពីលទ្ធភាពបើកច្រកទ្វេភាគីជាមួយថៃបន្ថែមដែរ។ តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តមានចំនួន៤ ដែលដំណើការចំនួន២ (សានកូ ប៉ោយប៉ែតដែលមានចំនួន១១ ក្រុមហ៊ុន និងប៉ោយប៉ែត អូរនាងដែលមានក្រុមហ៊ុនចំនួន ៦)។
លោកបន្តថា គិតមកដល់បច្ចុប្បន្ននេះ គម្រោងវិនិយោគសរុបមានចំនួន២៣ ដែលមានទឹកប្រាក់ប្រមាណ៣០០លានដុល្លាសហរដ្ឋអាមេរិក និងបានបង្កើតការងារចំនួន ១៥ ៦១៧កន្លែង។ គម្រោងទាំងនេះផ្តោតជាសំខាន់លើកសិកម្ម និងកសិ-ឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ ហេដ្ឋារចនាសម័្ពន្ធ និងផេ្សងៗ និងមានលំហូរទុនវិនិយោគពីក្នុងស្រុក ចិន ថៃ ឥណ្ឌូណេស៊ី បារាំង ឥណ្ឌា និងកូរ៉េ។
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានសម្តែងនូវការគាំទ្រចំពោះវិធានការ និងជំហានដែលប្រកាន់យកដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការទាក់ទាញ និងលើកកម្ពស់ការវិនិយោគមកកម្ពុជា ជាពិសេសតំបន់ជាយដែន។ ក្នុងគោលបំណងរក្សាបាននូវចីរភាព និងនិរន្តភាពនៃការអភិវឌ្ឍ លោក បានស្នើដល់ក្រុមហ៊ុនវិនិយោគទាំងអស់សូមយកចិត្តទុកដាក់លើផលប៉ះពាល់បរិស្ថាន (តាមរយៈការរៀបចំឱ្យបានត្រឹមត្រូវនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន) ហេដ្ឋារចនាសម័្ពន្ធគាំទ្រនានា និងផលិតភាពជាមួយគុណភាព៕