ដោយ វុត្ថា
ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានទាក់ទាញក្រុមហ៊ុនសហគ្រាសមកបណ្តាកទុនវិយោគនៅទូទាំងខេត្ត បានប្រមាណ៥០០សហគ្រាស ដែលធ្វើឱ្យខេត្តទើបបង្កើតក្រោយគេមួយនេះ កាន់តែមានមានការរីកចំរើន និងការអភិវឌ្ឍន៍។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កាលពីពេលថ្មីៗនេះបានជំរុញឲ្យអង្គភាពសភាពាណិជ្ជកម្មមណ្ឌលខេត្តត្បូងឃ្មុំ ក្នុងនាមក្បាលម៉ាស៊ីនពាណិជ្ជកម្មខេត្ត ត្រូវរួមសាមគ្គីគ្នា ដើម្បីទាក់ទាញអ្នកវិនិយោគទុនធំៗ មកទំនាក់ទំនងបណ្តាក់ទុករកស៊ីក្នុងខេត្តឲ្យកាន់តែមានសន្ទុះទ្វេឡើង និងម្យ៉ាងទៀតគឺដើម្បីជួយសម្រួលលក្ខណៈងាយស្រួលដល់អាជីវករ សេវាករ កសិករ និងអ្នករកស៊ីទាំងអស់ក្នុងខេត្ត មានទីផ្សារល្អច្បាស់លាស់ ជួយលើកកម្ពស់កម្រិតជីវភាពពលរដ្ឋក្នុងខេត្តទាំងមូល។
លោកជាម ច័ន្ទសោភ័ណ្ឌបានបន្តថា ខេត្តត្បូងឃ្មុំកំពុងតែទាក់ទាញប្រជាពលរដ្ឋ និងអ្នកវិនិយោគិនថ្មីៗជាច្រើនឲ្យចាប់អារម្មណ៍មករស់នៅ និងវិនិយោគលើវិស័យសំខាន់ៗជាច្រើន ជាពិសេសអចលនទ្រព្យ ដោយសារតែខេត្តនេះជាតំបន់អភិវឌ្ឍថ្មី ទាមទារឲ្យមានការវិនិយោគសំណង់អគារ ផ្សារទំនើប លំនៅឋាន ដើម្បីឆ្លើយតបកំណើនប្រជាពលរដ្ឋចេះតែកើនឡើង និងតម្រូវការវិនិយោគជាក់ស្តែង។
ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងដោយកាត់ចេញពីខេត្តកំពង់ចាម បាននិងកំពុងគ្រប់គ្រងក្រុងចំនួន១ និងស្រុកចំនួន៦ គឺក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់។
ខេត្តនេះត្រូវបានបង្កើតឡើងយោងតាមព្រះរាជក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែលធ្វើនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយត្រូវបានចេញប្រកាសនៅដើមខែមករា ឆ្នាំ២០១៤។
ត្បូងឃ្មុំ គឺជាខេត្តថ្មីនៃប្រទេសកម្ពុជា ស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ មានព្រំប្រទល់ ខាងលិចជាប់ខេត្តកំពង់ចាម។ ខាងជើងជាប់ខេត្តក្រចេះ និងខាងត្បូងជាប់ខេត្ត ព្រៃវែង និងនៅទិសខាងកើតមានព្រំដែនអន្តរជាតិរួមជាមួយវៀតណាម។
ខេត្តត្បូងឃ្មុំមានផ្ទៃក្រឡាប្រមាណជាង៥,២៥០ គីឡូម៉ែត្រក្រឡា មានក្រុងចំនួន ១ ស្រុកចំនួន៦ ឃុំ សង្កាត់ចំនួន៦៤ និង មានប្រជាពលរដ្ឋប្រមាណជាង៨២ ម៉ឺននាក់។ ដោយបច្ចុប្បន្ននេះ ខេតត្តមមានកំពុងដំណើរការគម្រោង សាងសង់ធំៗរួមមាន ១.មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ២.ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងផ្លូវតភ្ជាប់ពីគល់ស្ពានមកទីរួមខេត្តត្បូងឃ្មុំ ៣.គំរោងផ្សារធំតំបន់ពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ (ផ្នែកឯកជន) ៤.គម្រោងផ្សារចំការថ្ម (ផ្នែកឯកជន)៥.គម្រោងផ្សារគំរូព្រំដែន ផ្សារដា (វិនិយោគរបស់រដ្ឋ)៕