ដោយ វុត្ថា
វៀតណាមៈ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោម២២ ទីក្រុងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានកំនើនលើការវិនិយោគអចលនទ្រព្យ សំរាប់ឆ្នាំ២០២០ ខាងមុខនេះ។
យោងតាមរបាយការណ៍សិក្សាថ្មីមួយស្តីពី ការរីកចម្រើនខាងអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកសំរាប់ឆ្នាំ២០២០ របស់ក្រុមហ៊ុនសេវាកម្មវិជ្ជាជីវៈ PricewaterhouseCoopers របស់សហរដ្ឋអាមេរិក ដែលបានសួរអ្នកជំនាញផ្នែកអចលនទ្រព្យចំនួន៤៦០នាក់ បាននិយាយថា ទីក្រុងហូជីមិញនេះ ស្ថិតនៅលេខ៣បន្ទាប់ពីទីក្រុងសិង្ហបុរី និងទីក្រុងតូក្យូ។
-->
របាយការណ៍ដដែលបន្តថា ទីក្រុងហូជីមិញត្រូវបានគេមើលឃើញថា មានការកើនឡើងនៃប្រជាប្រិយភាព ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយសារកំណើនសេដ្ឋកិច្ចរឹងមាំ និងដោយសារវិនិយោគិនបរទេសភាគច្រើនមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី បានចាប់អារម្មណ៍លើទីផ្សារអចលនទ្រព្យ នៅក្នុងទីក្រុងមួយនេះ ដោយរំពឹងថានឹងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំពី២០ ទៅ២៥ភាគរយ។
ភាគច្រើននៃអចលនទ្រព្យ ដែលចូលទៅក្នុងទីក្រុងហូជីមិញ បានស្ថិតនៅលើគន្លងនៃការអភិវឌ្ឍ ជាពិសេសផ្តោតលើវិស័យលំនៅដ្ឋាន។ នេះបាននាំឱ្យមានបញ្ហាជាមួយនឹងការកសាងលើសលប់។ តម្លៃដី និងការជួលក៏មានការកើនឡើងយ៉ាងខ្លាំងផងដែរ។
របាយការណ៍ដែលបញ្ជាក់ថា “ការលក់រាយនៅទីក្រុងហូជីមិញឥឡូវនេះ គឺកើនឡើង៣ដង ឬច្រើនជាងនេះ ស្រដៀងគ្នានៅការជួល ឬការលក់រាយនៅក្នុងទីក្រុងម៉ានីលផងដែរ”។

ទោះយ៉ាងណារបាយការណ៍នេះ ក៏បានបង្ហាញពីបញ្ហាមួយសម្រាប់វិនិយោគិនអចលនទ្រព្យផងដែរ គឺទីក្រុងហូជីមិញនេះនៅតែជាទីផ្សារមួយ ដែលមានអចលនទ្រព្យដែលអាចវិនិយោគបានតិចតួចហើយហានិភ័យមានខ្ពស់៕