រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក​ដើម្បី​សម្រួលការ​បង់ថ្លៃ​សេវា​សំរាម​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ សម្រេច​ផ្អាក​ការ​ចេញ​ និង​ចែក​វិក្កយបត្រ​ប្រមូល​ថ្លៃ​សេវា​សំរាម​ និង​សំណល់រឹង​ជា​ក្រដាស​ ដូចដែល​ធ្លាប់​ភ្ជាប់​ជាមួយ​វិក្កយបត្រ​អគ្គិសនី​ ខណៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បង់​ទូទាត់​ តាមមធ្យោបាយ​អេឡិចត្រូនិក​ជំនួស​វិញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី១៦​ ខែធ្នូ​នេះ​ បាន​ចេញ​សេចក្តី​ណែនាំ​ស្តី​ពី​ ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​គ្រប់គ្រង​ និង​នីតិវិធី​នៃ​ការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់រឹង​នៅ​រាជធានី​ភ្នំពេញ​ ក្នុង​ដំណាក់កាល​អន្តរកាល​។

សេចក្តី​ណែនាំ​បានឱ្យ​ដឹង​ថា​ អនុលោម​តាម​បទបញ្ជា​របស់​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បង្កើត​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ និង​សំណល់រឹង​ រាជធានី​ភ្នំពេញ​ ដែល​មាន​ភារកិច្ច​ទទួលបន្ទុក​លើ​ការ​ គ្រប់គ្រង​ការ​ផ្តល់​សេវា​ប្រមូល​សំរាម​ និង​សំណល់រឹង​ ការអនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​សំរាម​ និង​សំណល់រឹង​ថ្មី​ និង​ការ​ប្រមូល​ចំណូល​ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់រឹង​ ដោយ​មិន​ដាក់​ក្នុង​វិក្កយបត្រ​អគ្គិសនី​ទៀត​ទេ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ទៀត​ថា​ ក្នុងអំឡុងពេល​អន្តរកាល​ គិត​ចាប់ពី​ថ្ងៃទី០១​ ខែមករា​ ឆ្នាំ២០២០​ រហូតដល់​ពេល​បង្កើត​បាន​ និង​ដាក់​ឱ្យ​ដំណើរការ​ពេញលេញ​ នូវ​ប្រព័ន្ធ​គ្រប់គ្រង​សំរាម​ និង​សំណល់រឹង​ថ្មី​ ក្នុង​ពេល​ឆាប់​ៗខាងមុខ​ រាជរដ្ឋាភិបាល​ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ មាន​សិទ្ធិបន្ត​ប្រតិបត្តិ​ការ​សម្អាត​ ប្រមូល​ និង​ដឹកជញ្ជូន​សំរាម​ និង​សំណល់រឹង​ជា​បណ្តោះអាសន្ន​សិន​ ប៉ុន្តែ​មិន​មាន​សិទ្ធិ​ក្នុង​ការ​ប្រមូល​ថ្លៃ​សេវា​ សម្អាត​ ប្រមូល​ និង​ដឹកជញ្ជូន​សំរាម​ និង​សំណល់រឹង​តទៅទៀត​ទេ​។

ជាមួយគ្នា​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ សូម​រក្សា​ស្ថានភាព​ចំពោះ​តម្លៃ​សេវា​បច្ចុប្បន្ន​ជា​បណ្តោះអាសន្ន​សិន​ និង​សូម​ប្រជាពលរដ្ឋ​ប្រើប្រាស់​អត្រាតម្លៃ​ សេវា​ប្រមូល​សំរាម​ និង​សំណល់រឹង​ ដែល​បាន​បង់​រួចហើយ​កាលពី​ខែតុលា​ ឆ្នាំ២០១៩​ ជា​មូលដ្ឋាន​ ដើម្បី​បន្ត​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់រឹង​ ក្នុងអំឡុងពេល​អន្តរកាល​នេះ​។

ដើម្បី​ទំនើបកម្ម​សេវា​សាធារណៈ​ និង​សម្រួល​ដល់​ការ​បង់ថ្លៃ​ប្រើប្រាស់​សេវា​ឱ្យ​បាន​គ្រប់​ទីកន្លែង​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ សម្រេច​ផ្អាក​ការ​ចេញ​ និង​ចែក​វិក្កយបត្រ​ប្រមូល​ថ្លៃ​សេវា​សំរាម​ និង​សំណល់រឹង​ជា​ក្រដាស​ ដូចដែល​ធ្លាប់​ភ្ជាប់​ជាមួយ​វិក្កយបត្រ​អគ្គិសនី​ ហើយនឹង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បង់​ទូទាត់​ តាមមធ្យោបាយ​អេឡិចត្រូនិក​ជំនួស​វិញ​ដូច​ខាងក្រោម​។

ចាប់ពី​ថ្ងៃទី១​ ខែមករា​ ឆ្នាំ២០២០តទៅ​ អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ប្រចាំខែ​ចាប់ពី​ថ្ងៃទី០១​ ដល់​ថ្ងៃទី១៥​ នៃ​ខែ​បន្ទាប់​ (ឧទាហរណ៍​សម្រាប់​ថ្លៃ​សេវា​ប្រចាំខែ​មករា​ ឆ្នាំ២០២០​ អតិថិជន​ត្រូវ​បង់ថ្លៃ​សេវា​ពី​ថ្ងៃទី០១​ ដល់​ថ្ងៃទី១៥ខែកុម្ភៈ​) តាមមធ្យោបាយ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក​ (តាម​ទូរស័ព្ទ​ដៃ​) ឬបញ្ហា​រទូ​ទាត់​នៅ​ធនាគារ​ ACLEDA​ ឬ eMONEY​, Lyhour​ Weiluy​, Pi​ Pay​, True​ Money​ និង​ Dara​ Pay​ ជាដើម​។

អតិថិជន​ក៏អាច​ជ្រើសរើស​បង់ថ្លៃ​សេវា​ សម្រាប់​ច្រើន​ខែ​ទុកជាមុន​បាន​ផង​ដែរ​ ដោយ​ប្រព័ន្ធ​ទូទាត់​នឹង​ធ្វើការ​កាត់កង​ និង​បង្ហាញ​សមតុល្យ​ទឹកប្រាក់​នៅសល់​ ជា​ស្វ័យប្រវត្តិ​ជា​រៀងរាល់​ខែ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here