ដោយៈ រ៉ាណេត
ភ្នំពេញៈ រោងចក្រផលិតថង់យួរប្លាស្ទិកថ្មីមួយទៀត ត្រូវបានរដ្ឋាភិបាលគាំទ្រទៅលើគម្រោង និងជំរុញឱ្យចាប់ផ្តើមដំណើរការសកម្មភាពប្រតិបត្តិការ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមការដឹកនាំដោយ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង លើគម្រោងបង្កើតរោងចក្រផលិតថង់យួរប្លាស្ទិកគ្រប់ប្រភេទ របស់ក្រុមហ៊ុន ហ័រប៉ាវស៊ូយេ ប្លាស្ទីក ប្រដាក់ (ខេមបូឌា) ឯ.ក លើផ្ទៃដីទំហំ ៣.៩៣៤ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា អធីអិម ហ្គ្រីន ខនសាន់ធេនស៊ី ឯ.ក ។
ជាលទ្ធផលនៃកិច្ចប្រជុំ អន្តរក្រសួងពាក់ព័ន្ធរួមជាមួយ នឹងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរនោះ បានសម្រេចគាំទ្រទៅលើគម្រោងវិនិយោគនេះ។
ដោយតម្រូវឱ្យក្រុមហ៊ុន សិក្សាអំពីសកម្មភាពផែនការផលិតកម្ម របស់គម្រោងឱ្យបានច្បាស់បន្ថែមទៀត ដូចជា ការនាំចូលវត្ថុធាតុដើមពីបរទេស ត្រូវបញ្ជាក់អំពីសារធាតុគីមី ការគ្រប់គ្រង និងផលប៉ះពាល់របស់វាឱ្យបានច្បាស់ ។ រាល់ផលិតផលសម្រេចដែលបញ្ជាក់ថានាំចេញទៅបរទេស១០០ភាគរយ ត្រូវភ្ជាប់លិខិតបញ្ជាក់ ឬកិច្ចសន្យានាំចេញ ចៀសវាងការចែកចាយក្នុងស្រុក។
ក្រៅពីនេះ ក្រុមហ៊ុន ត្រូវរៀបចំផែនការគ្រប់គ្រងគុណភាពខ្យល់ និងបញ្ហាក្លិន ដោយបំពាក់ឧបករណ៍ចម្រោះខ្យល់ និងផ្តល់ម៉ាសការពារសម្រាប់បុគ្គលិក-កម្មការនិងរៀបចំផែនការគ្រប់គ្រងសំណល់រឹង-រាវឱ្យបានត្រឹមត្រូវ ជាពិសេស សំណល់បាវប្លាស្ទិក ដប-កំប៉ុងសារធាតុគីមី និងសំណល់កម្ទេចកំទីប្លាស្ទិក ជាដើម។
បន្ថែមពីនេះ ក្រុមហ៊ុនក៏ត្រូវបញ្ជាក់បន្ថែម អំពីប្រព័ន្ធអាងប្រព្រឹត្តកម្មសំណល់រាវ និងអាងសិបទិក ដើម្បីធានាសំណល់រាវ ដែលបង្ហូរចេញគោរពតាមស្តង់ដារ ដែលបានកំណត់ ត្រូវរៀបចំផែនការការពារសុវត្ថិភាព ដោយត្រូវពន្យល់ណែនាំបុគ្គលិក-កម្មករឱ្យយល់ដឹងអំពីវិធានការការពារគ្រោះថ្នាក់ការងារ និងផ្តល់ឧបករណ៍សម្ភារៈការពាររៀងរាល់ពេលបំពេញការងារ ជាពិសេស ត្រូវមានផែនការការពារសុខុមាលភាពបុគ្គលិកកម្មករដោយត្រូវធ្វើការ ត្រួតពិនិត្យសុខភាពកម្មកររៀងរាល់៦ខែម្តង និងត្រូវចុះបញ្ជីប័ណ្ណ ប.ស.ស ឱ្យបានគ្រប់គ្នា និងត្រូវសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងចូលរួមអភិវឌ្ឍន៍សហគមន៍៕