GMAC៖៖ វិស័យកាត់ដេរ និងផលិតស្បែកជើង កំពុងប្រឈមនិងការព្យួរការងារបណ្តោះអាសន្នក្នុងខែមេសា និងឧសភានេះ

0

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា បានឱ្យដឹងថា វិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ បានកំពុងប្រឈមនិងការព្យួរការងារបណ្តោះអាសន្នក្នុងខែមេសា និងឧសភានេះ ដែលតម្រូវអោយរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយគាំទ្រផ្សេងៗក្នុងពេលថ្មីៗនេះ។

សមាគមរោងចក្រកាត់ដេរកម្ពុជា នៅក្នុងសារមួយផ្ញើរជូនកម្មករ-កម្មការិនីដែលប្រតិកម្មទាំងវិជ្ជមាន និងអវិជ្ជមានអំពីការផ្អាកពិធីចូលឆ្នាំថ្មី២០២០កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ ម្សិលមិញនេះ ឱ្យដឹង លើសពីនេះ វិស័យកាត់ដេរ និងដេស្បែកជើងក៏ប្រឈមនឹងអនាគតមួយដែលគ្មានភាពច្បាស់លាស់ក្រោយខែឧសភា។

សមាគមបញ្ជាក់ថា ការបញ្ជាទិញសម្រាប់រដូវក្តៅខាងមុខ (មិថុនា កក្កដា សីហា) ត្រូវបានអ្នកបញ្ជាទិញបង្កក ឫលុបចោលមួយចំនួន ដោយសារតែគ្មានភាពច្បាស់អំពីក្របខណ្ឌពេលវេលាចំពោះស្ថានភាពការរីករាលដាលនៅក្នុងប្រទេសដែលជាទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា។

សមាគមបន្តថា យ៉ាងណាម៉ិញ បើទោះបីស្ថានភាពនៅក្នុងប្រទេសទាំងនោះមានភាពល្អប្រសើរក្នុងប៉ុន្មានខែខាងមុខ ក៏តម្រូវការនៃការទិញផលិតផល (Demand of Goods) នឹងមានការធ្លាក់ចុះជាច្រើនដែរដោយសារតែការបាត់ចំនូលក្នុងរយៈពេលបិទប្រទេសនិងការផ្អាកសកម្មភាពសេដ្ឋកិច្ចជាច្រើន។ យើងមិនអាចសង្ឃឹមការបញ្ជាទិញច្រើនដូចពីមុនពេលមានវិបត្តិទេ។

សមាគមបន្ថែមទៀត ប្រទេសផលិតជាច្រើននឹងប្រកួតប្រជែងគ្នាដើម្បីដណ្តើមការបញ្ជាទិញ ដោយផ្អែកជាចំបងលើមូលដ្ឋានតំលៃ។ តំលៃត្រូវតែមានភាពប្រកួតប្រជែងខ្លាំងណាស់។ ភាពអត់ការងារធ្វើមួយចំនួនក៏នឹងអាចកើតឡើងដែលសុទ្ធសឹងជាបន្ទុកដែលរដ្ឋាភិបាលត្រូវដោះស្រាយ។

សមាគមបញ្ជាក់ថា ខាងលើនេះជាបញ្ហាចំបងធំៗគ្រប់គ្រាន់ល្មមអោយយើងអាចយល់និងនិយាយស្តាប់គ្នាបាន ចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការចាំបាច់នានាដែលរដ្ឋាភិបាលបានដាក់ចេញ និងបន្តកិច្ចសហការលើវិធានការ និងគោលនយោបាយផ្សេងៗទៀតនៅពេលដ៏ខ្លីខាងមុខនេះ ឈរលើមូលដ្ឋានត្រីភាគី ឫត្រីភាគីនិយម (Tri-partism)៕

LEAVE A REPLY

Please enter your comment!
Please enter your name here