ដោយ ៖ រ៉ាណេត
បាត់ដំបង ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ដែលមានទំហំ ៣៥៣,៩ ហិចតា ស្ថិតនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីជាការអភិរ្ស និងថែរក្សាធនធានធម្មជាតិដែលមានស្រាប់ និងពង្រឹងវិស័យទេសចរណ៍នៅក្នុងតំបន់ផងដែរ។
ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានចុះហត្ថលេខាលើអនុក្រឹត្យស្ដីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិធម្មជាតិ ភ្នំប្រាំពីរ ដែលមានទំហំ ៣៥៣,៩ ហិចតា ស្ថិតនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ នេះ នឹងត្រូវអភិរក្ស ដើម្បីការពារសោភ័ណភាព និងតម្លៃធម្មជាតិសម្រាប់បម្រើដល់ការកម្សាន្ត ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ ជំនឿ ដែលគ្រប់សកម្មភាពទាំងអស់ មិនបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៍។
នៅក្នុងអនុក្រឹត្យស្ដីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ខាងលើនេះ រាជរដ្ឋាភិបាលបានតម្រូវឱ្យក្រសួងបរិស្ថាន មានសមត្ថកិច្ចក្នុងការរៀបចំ និងគ្រប់គ្រងតំបន់ខាងលើដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមបទបញ្ញត្តិនៃច្បាប់ជាធរមាន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រប់ក្រសួងពាក់ព័ន្ធ រួមនឹងអភិបាលខេត្តបាត់ដំបង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីតទៅ៕