ដោយៈ ប៊ី
ភ្នំពេញៈ ការផ្ទុះឡើងនៃជំងឺ COVID-19 បាននិងកំពុងបង្កផលប៉ះពាល់វិស័យជាច្រើននៅកម្ពុជា ខណៈតម្លៃអាផាតមិនជួលបានធ្លាក់ចុះ ដោយសារតែវិបត្តិសុខាភិបាលសកលនេះ។
នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia ដែលចេញផ្សាយកាលពីថ្ងៃពុធ អាផាតមិនជួលកម្រិត Grade A មានតម្លៃជួល ១៩.២៤ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆមាសទី១ ឆ្នាំ២០២០ ធ្លាក់ចុះ ១៣.៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃជួល២២.២៣ ដុល្លារ។
អាផាតមិនជួលកម្រិត Grade B មានតម្លៃជួល ១៥.៤៤ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅឆមាសទី១ ឆ្នាំ២០២០ ធ្លាក់ចុះ ១០.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានតម្លៃជួល ១៧.១៥ដុល្លារ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា អាផាតមិនជួលបានប្រឈមនឹងអត្រាទំនេរច្រើន ខណៈម្ចាស់អាផាតមិនបានធ្វើការបញ្ចុះតម្លៃ ដើម្បីរក្សាបាននូវការជូល។
ជាមួយនេះដែរ ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជាឱ្យមានការបញ្ចុះតម្លៃនៃអាគារជួលអាជីវកម្ម នាពេលកន្លងមកនេះ ម្ចាស់អគារជួលមួយចំនួននៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមបញ្ចុះតម្លៃជួលរបស់ខ្លួនប្រមាណ៣០ ទៅ៥០ ភាគរយ ដើម្បីរក្សាអតិថិជន។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Basac Realty លោកនី ទីណាតបានឱ្យដឹងដែរថា មិនថាតែចំពោះអាគារសម្រាប់បម្រើឱ្យវិស័យ ការិយាល័យកម្រិតខ្ពស់ អគារជាន់ផ្ទាល់ដី ឬអាគារដទៃទៀតសម្រាប់ជួលនោះទេ ភាគច្រើនកំពុងជួបភាពប្រឈម ដោយសារតែអតិថិជនបញ្ឈប់កុងត្រាជួល។
លោកថ្លែងថា “ហេតុផលដែលបញ្ឈប់កុងត្រា ក៏ព្រោះដំណើរការអាជីវកម្មជួបភាពរាំងស្ទះ ជាក់ស្ដែងដូចជាក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍មណ្ឌលកម្សាន្ត និងមណ្ឌលស្ទីម សូណា ជាដើមដែលត្រូវផ្អាកសកម្មភាព ហើយក្រុមហ៊ុនបម្រើសេវាខ្លះ ក៏ជួបបញ្ហាដូចគ្នាដោយសារតែបាត់ចំណូលពីប្រតិបត្តិការរបស់ខ្លួន” ។
ដើម្បីចូលរួមលើកស្ទួយវិស័យនេះ ឱ្យមានភាពរឹងមាំ និងយូរអង្វែង ហើយអាចរក្សាបាននូវចំណែកទីផ្សារស្ថិតស្ថេរ លោក នី ទីណាត បានផ្តល់ជាយោបល់ថា ម្ចាស់អាគារ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ អាគារសម្រាប់ជួល គួរតែមានការបន្ធូរបន្ថយ ឬបញ្ចុះតម្លៃសម្រាប់អតិថិជនរបស់ខ្លួន ដែលយ៉ាងហោចណាស់ក្នុងរង្វង់ចាប់ពី៣០ ទៅ៥០ភាគរយ នៃតម្លៃចាស់ ទម្រាំវិបត្តិមួយនេះមានភាពស្ងប់ស្ងាត់ ហើយចរន្តសេដ្ឋកិច្ចចាប់ផ្តើមល្អប្រសើរឡើងវិញ។
គិតត្រឹមចុងសប្ដាហ៍ទី៣ ខែមីនា ឆ្នាំ២០២០ នេះក្រៅពីសណ្ឋាគារ ក៏មានអាផាតមិនចំនួន២ទីតាំង ស្មើនឹង១៣៨បន្ទប់បានបិទទ្វារ។ ដោយឡែក អាជីវកម្មផ្ទះភ្ញៀវ (home stay) ដែលបានបិទមានចំនួន៤១ ហើយសម្រាប់អាជីវកម្មភោជនីយដ្ឋានបានបិទចំនួន២ភោជនីយដ្ឋាន៕