ដោយ : វុត្ថា
ភ្នំពេញ : សហរដ្ឋអាមេរិកបានបន្តផ្តល់អនុគ្រោះពន្ធ ដល់ប្រទេសអភិវឌ្ឍន៍តិចតួចឡើងវិញកាលពីម្សិលមិញ ក្រោយពីប្រទេសនេះ បានធ្វើការត្រួតពិនិត្យឡើងវិញក្នុងការផ្តល់ការអនុគ្រោះពន្ធ (GSP) ដល់បណ្តាលប្រទេស ដែលមានការអភិវឌ្ឍតិចតួចដូចជាប្រទេសកម្ពុជាជាដើម។
ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ២៣ ខែមេសាឆ្នាំ២0១៨ នេះ ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចុះហត្ថលេខាលើច្បាប់ស្តីពី H.R 1625, The Consolidated Appropriation Act 2018 ដើម្បីបន្តឡើងវិញនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដោយភ្ជាប់ជាមួយការធ្វើប្រតិកម្មពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០។
-->
សេចក្តីជូនដំណឹងដដែលបន្តថា ការបន្តឡើងវិញនៃការផ្តល់ប្រព័ន្ធអនុគ្រោះទូទៅនេះ បានចូលជាធរមានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ហើយចំពោះប្រទេសដែលបាននាំចូលទៅសហរដ្ឋអាមេរិក គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ អាចស្នើរសុំដកប្រាក់ព័ន្ធដែលបង់រួចវិញបាន តាមការជួនដំណឹងរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។

យោងតាមការណែនាំរបស់អង្គភាពគយ និងការពារព្រុំដែនសហរដ្ឋអាមេរិក (U.S. Customs and Border Protection (CBP)) បានបញ្ជាក់ថា រាល់ពាណិជ្ជករទាំងអស់ដែលប្រើ Special Program Indicator (SPI) ដូច (“A”= All Developing Beneficiary Countries) នឹងត្រូវទទួលប្រាក់ពន្ធ ដែលត្រូវបានបង់ត្រឡប់មកវិញដោយស្វ័យប្រវត្តិ។ ដោយឡែកចំពោះពាណិជ្ជករ នាំផលិតផលចូលទៅកាន់សហរដ្ឋអាមេរិក ដែលមិនប្រើ SPI កូដ “A” អាចស្នើរសុំប្រាក់ពន្ធមកវិញបានតាមរយៈ US Customs and Border Protection (CBP) ដោយត្រូវដាក់ពាក្សស្នើរសុំដោយខ្លួនឯងអោយបានមុន ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨។
សូមរំលឹកថា កាលពីកន្លងទៅនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើការត្រួតពិនិត្យឡើងវិញក្នុងការផ្តល់ការអនុគ្រោះពន្ធGSP ដល់បណ្តាលប្រទេស ដែលមានការអភិវឌ្ឍតិចតួច ដូចជា ប្រទេសកម្ពុជា លើទំនិញជាច្រើនប្រភេទ រួមមាន ទំនិញស្បែកជើង និងកាបូបជាដើម។
យោងតាមតួលេខរបស់ការិយាល័យស្ថិតិសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីខែកក្កដាបានបង្ហាញថា ការនាំចូលរបស់អាមេរិក ក្រោមក្របខណ្ឌការអនុគ្រោះពន្ធ GSP មានទំហំទឹកប្រាក់ប្រមាណជាង១៨ពាន់លានដុល្លារអាមេរិក។ ចំណែកការនាំចេញផលិតផលស្បែកជើង និងកាបូបរបស់កម្ពុជា ក្រោមក្របខណ្ឌការអនុគ្រោះពន្ធនេះ ទៅកាន់សហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ជាង១៦០លានដុល្លារ៕








