ភ្ញាក់ផ្អើល ៖ ស្ងាត់ៗក្រុមហ៊ុនចិនគ្រោងសាងសង់ទីក្រុងរណបធំមួយនៅខេត្តព្រៃវែង

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៈ ទីរួមខេត្តព្រៃវែងលែងត្រូវគេបំភ្លេចចោល និងស្ងប់ស្ងាត់ទៀតហើយ ប្រសិ​នជាគំរោងទី​ក្រុងរណបទំហំ ៣០០ ហិកតា នឹងលេចរូបរាងឡើងនាពេលខាងមុខនេះ ព្រោះក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងវិនិយោគលើទឹកប្រាក់រាប់រយលានដុល្លារ ដើម្បីប្រែក្លាយទីក្រុងព្រៃវែងជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយ។

ក្រុមហ៊ុន Jiangxi Haihui Utility Co., Ltd កាលពីថ្មីៗនេះបានប្រកាសគម្រោងសាងសង់ទីក្រុងរណបនេះ ដែលយកទីតាំងនៅមុខសាលាខេត្តព្រៃវែងសម្រាប់សាងសង់ហើយគម្រោងនេះ បានទទួលការស្វាគមន៍ និងគាំទ្រពីខាងរាជរដ្ឋាភិបាលកម្ពុជារួចហើយ។

ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីដើមសប្តាហ៍នេះ លោក YU HUI HUA ប្រធានក្រុមហ៊ុន Jiangxi Haihui Utility Co., Ltd.បានឲ្យដឹងថា គោលដៅចម្បងរបស់ក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍន៍តំបន់ក្នុងខេត្តព្រៃវែងឲ្យក្លាយជាទីក្រុងរណបមួយ ដែលមានសក្តានុពលលើគ្រប់វិស័យ រួមមាន តំបន់កំសាន្ត ខុនដូ តំបន់ពាណិជ្ជកម្ម និងជាតំបន់ឧស្សាហកម្មផងដែរ។

លោកបន្តថា “គម្រោងនេះនឹងជួយឲ្យព្រៃវែង ក្លាយទៅជាតំបន់ដែលមានភាពទាក់ទាញអ្នកវិយោគ និងភ្ញៀវទេសចរបានច្រើនជាងមុន និងជាការជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាជួយលើកកំពស់ជីវភាពប្រជាជនមានភាពប្រសើរឡើង”។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេងបានថ្លែងថា  គម្រោងនេះពិតជាផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ប្រសិនជាវាកើតឡើងមែននោះ ព្រោះគំរោងនេះ នឹងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ និងធ្វើឲ្យកម្ពុជាកាន់តែមានភាពរីកចម្រើនថែមទៀត ជាពិសេសលើវិស័យសំណង់ និងអចលនវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here