ដោយ ៖ ដែន ចែងចាំង
ភ្នំពេញ ៖ ផ្ទះសម្រាប់ធ្វើអាជីវកម្មមួយ (shop house) កំពុងពេញនិយមនិងទាក់ទាញការវិនិយោគច្រើនពីប្រជាពលរដ្ឋក្នុងស្រុក ដោយមើលឃើញនិន្នាការនេះអ្នកវិនិយោគក្នុងស្រុកមួយរូប បានសម្រេចសាងសង់ផ្ទះ shop House ដើម្បីបំពេញតម្រូវការទីផ្សារ។
លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd ដែលទទួលបានសិទ្ឋិលក់ផ្តាច់មុខនៃគំរោងនេះ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១ មិថុនានេះថា គំរោងលំនៅដ្ឋានប្រណីត ដែលជាផ្ទះសម្រាប់ធ្វើអាជីវកម្មនេះស្ថិតនៅផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ គំរោងនេះនឹងសាងសង់ផ្ទះប្រកបដោយគុណភាព និងសោភ័ណភាពខ្ពស់ ដែលប្រើប្រាស់ឥដ្ឋ ២០ ជាប្រភេទលំនៅដ្ឋាន ដែលអ្នកវិនិយោគបានផ្តោតលើភាពជាគម្រូ ដើម្បីផ្តល់ឲ្យអតិថិជនរស់នៅឬប្រកបអាជីវកម្មប្រកបដោយផាសុខភាព។
ផ្ទះបែបអាជីវកម្មនេះ មានទំហំដី ៤,៥០ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ និងសាច់ផ្ទះ ៤,២៥ គុណនឹង ១៨ ម៉ែត្រ និងដាក់លក់ក្នុងតម្លៃ ៣៩៧,០០០ដុល្លារអាមេរិក។ ផ្ទះនិមួយៗមានបន្ទប់ចំនួន១០។ គំរោងនេះមានផ្ទះសរុបចំនួន១៤ ដែលបាននិងកំពុងសាងសង់និងបញ្ចប់ក្នុងរយៈពេល១ឆ្នាំ។ អ្វីកាន់តែពិសេសគឺផ្ទះនិមួយៗ មានកំពស់៦ជាន់ និងមាន១០បន្ទប់។ លើសពីនេះផ្ទះនិមួយៗ ត្រូវបានរៀបចំប្រអប់សម្រាប់ជណ្តើរយន្តផងដែរ។
លោកស្រី តាំង ហួរ បានបន្តថា “លំនៅដ្ឋាននេះ មានភាពសមស្របសម្រាប់ធ្វើជាការិយាល័យ អាផាតម៉ិន សណ្ឋាគារខ្នាតតូច និងផ្ទះសំណាក់ជាដើម”។ លោកស្រីបន្ថែមថា “លក្ខខ័ណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួល ដោយអតិថិជនអាចបង់១០ភាគរយ តាមដំណាក់កាលរហូតដល់បង់គ្រប់៣០ភាគរយ ពួកគេអាចប្រើប្រាស់ឥណទានរបស់ធនាគារបាន”។
ជាមួយនឹងការគិតគូ និងផ្តល់ទំនុកចិត្តដល់អតិថិជន អ្នកវិនិយោគគំរោងនេះ ក៏នឹងផ្តល់សៀវភៅឯកសារមួយទាក់ទងនឹងសម្ភារៈសំណង់ និងបទដ្ឋានគុណភាពសំណង់សំរាប់បង្ហាញអតិថិជនផងដែរ។ លោកស្រីតាំង ហួរបញ្ជាក់ឲ្យដឹង។
លោកស្រីបន្តថា អ្នកណាចាប់អារម្មណ៍គំរោងនេះមុនគេ នឹងទទួលបានការបញ្ចុះតម្លៃពិសេសផងដែរ។ ប្រសិនជាអតិថិជនចាប់អារម្មណ៍ អាចទាក់ទងលេខទូរស័ព្ទ ០៨៦ ៦០១ ៤៧២ និង០១២ ៦០១ ៤៧២៕