ដោយ : វុត្ថា
ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ជាថ្មីម្តងទៀតបានអំពាវនា
វប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឲ្យជួយគាំទ្រផលិតផលខ្មែរ កាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលពីបរទេស ដើម្បីទ្រទ្រង់និរន្តរភាពរបស់ផលិតកម្មក្នុងស្រុក សំដៅជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតឱកាសការងារ និងប្រាក់ចំណូលកាន់តែច្រើនជូនប្រជាជន។
លោករដ្ឋមន្ត្រីអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅបរិវេណខាងមុខមន្ទីរពាណិជ្ជកម្មខេត្ត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធី អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបើកទីផ្សារថ្មីៗទាំងក្នុង និងក្រៅប្រទេស ព្រមទាំងការដាក់ចេញនូវព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ”សំដៅអនុវត្តន៍គោលនយោបាយជំរុញការនាំចេញនៅនឹងកន្លែង។
ទន្ទឹមគ្នានេះ ដើម្បីទាក់ទាញទំនុកចិត្ត និងការគាំទ្រកាន់តែច្រើនពីប្រជាជនខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេស មកលើផលិតផលក្នុងស្រុក លោករដ្ឋមន្ត្រីក៏បានសំណូមពរដល់ផលិតករ និងសហគ្រិនក្នុងស្រុក ត្រូវខិតខំប្រឹងប្រែងពង្រឹងគុណភាពផលិតផលរបស់ខ្លួន ស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ ទាំងការវេចខ្ចប់ ការដាក់ម៉ាក និងការធ្វើយុទ្ធសាស្ត្រទីផ្សារ ជាដើម។
លោកបន្តថា «ផលិតករ និងសហគ្រិនទាំងអស់ ចាំបាច់ត្រូវចេះអភិវឌ្ឍន៍ផលិតផលឬសេវាកម្មរបស់ខ្លួនឲ្យមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ ទើបអាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស»។លោកបន្តថា «ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋខ្មែរនឹងនាំគ្នាគាំទ្រផលិតផលក្នុងស្រុកច្រើនឡើងៗ បើសិនជាផលិតករ និងសហគ្រិនយើងអាចធ្វើបាន ព្រោះនេះគឺជាកត្តាសត្យានុម័ត នៃការប្រកួតប្រជែងទីផ្សារសេរី ដែលយើងទាំងអស់គ្នាត្រូវតែទទួលស្គាល់»។
នៅក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំព្រឹត្តិការណ៍យុទ្ធនាការទិញផលិតផលខ្មែរ ដោយជោគជ័យចំនួនពីររដូវកាលរួចមកហើយ គឺរដូវកាលទី១ នៅក្នុងរាជធានី-ខេត្តចំនួន ៤ រួមមាន ខេត្តសៀមរាប កំពង់ចាម ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ហើយរដូវកាលទី២ នៅក្នុងរាជធានី-ខេត្តចំនួន ៥ រួមមាន ខេត្តស្ទឹងត្រែង បាត់ដំបង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តកែប។ សម្រាប់យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៣ ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានជ្រើសរើសយករាជធានី-ខេត្តចំនួន៦មានដូចជា ខេត្តបន្ទាយមានជ័យ កណ្តាល កំពង់ឆ្នាំង ព្រៃវែង កោះកុង និងរាជធានីភ្នំពេញ ដើម្បីធ្វើជាកន្លែងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមបានថ្លែងថា សហគ្រាសផលិតក្នុងស្រុកបានបង្កើនគុណភាព ផលិតផលរបស់ពួកគេកាន់តែប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែក៏មានផលិតផលមួយចំនួនមិនបានផលិតបានល្អ និងតាមស្តង់ដាអាចទទួលយកបាននៅឡើយ។ លោកបន្តថា ទោះជាយ៉ាងណាលោកស្នើឲ្យក្រសួងពាណិជ្ជកម្ម គួរមានវិធានការ ឬយន្តការសមស្របណាមួយ ដើម្បីទប់ស្កាត់ការនាំចូលផលិតផលរបស់ថៃ ដែលបច្ចុប្បន្នក្រុមហ៊ុនថៃបានដឹកជញ្ជូនផលិតផលរបស់ពួកគេដល់តំបន់ជនបទ និងបានធ្វើឲ្យអ្នកលក់ដូរនៅតាមបណ្តាទីផ្សានានាតាមបណ្តាខេត្តជួបប្រទះបញ្ហាប្រឈមជាខ្លាំង៕