Century21 Cambodia មើលឃើញឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយចិនកាន់តែរ៉ឹងមាំ

0

ដោយ : គង់ សូរិយា

ភ្នំពេញ : ស្របពេលគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយកាន់តែមានឥទ្ឋិពល កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ចិនត្រូវបានរំពឹងថា កាន់តែមានភាពរ៉ឹងមាំ និងពង្រីកសក្តានុពលអភិវឌ្ឍន៍បន្ថែមទៀតនាពេលអនាគត។

ដោយមើលឃើញនូវកាលានុវត្តន៍ភាព នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងប្រទេសទាំងពីរ ថ្នាក់ដឹកនាំក្រុមហ៊ុន Century21 Cambodia ដែលមានការិយា​ល័យចំនួន៧នៅកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១១ដល់១៩មិថុនាខាងមុខនេះ។

អ្នកនាង Grace Rachny Fong​ នាយិកាក្រុមហ៊ុន Century21 Cambodia​​ បាន​ថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១១ មិថុនានេះថា ដំណើរទស្សនកិច្ចនេះ ជាការស្វែងរកបទពិសោ ធន៍ និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Century21 Cambodia និងក្រុមហ៊ុន Century21 នៅប្រទេសចិន ដែលមានការិយាល័យសរុបជិត១០ម៉ឺនការិយាល័យ។អ្នក​នាងបន្តថា ស្របពេលក្រុមហ៊ុនចិនធំៗវិនិយោគនៅកម្ពុជា យើងរំពឹងថាប្រទេសចិននឹង​មានអ្នកវិនិយោគកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។

អ្នកនាងបន្តថា “ដំណើរទស្សនកិច្ចនេះ យើងនឹងផ្សព្វផ្សាយពីឳកាសនិងបរិយា​កាសវិនិយោគដ៏ល្អនៅកម្ពុជា ទៅកាន់ក្រុមហ៊ុននឹងអ្នកវិនិយោគចិន ដើម្បីឲ្យពួកគេមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត”។អ្នកនាងបន្តថា “បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ឋបានកាន់តែប្រសើរ ដែលស្របតាមគោលនយោបាយផ្លូវសូត្ររបស់ប្រទេសចិន ហើយវានឹងជួយសម្រួលដល់ការវិនិយោគកាន់តែប្រសើរថែមទៀត”។

អ្នកនាង Grace Rachny Fong បានបន្តថា ដំណើរទស្សនកិច្ចនេះ នឹងទៅកាន់គោលដៅសំខាន់ៗចំនួន៤ ដូចជា ទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ខេត្តស៊ាមិន និងក្រុង​ហាងចូវ ដែលជាបណ្តាទីក្រុងមានសក្តានុពលសេដ្ឋកិច្ច និងអភិវឌ្ឍន៍អចលនទ្រព្យដ៏លឿន ពិសេសមានអាគារខ្ពស់ៗកប់ពពកជាច្រើននៅក្នុងទីក្រុងនេះ។

អ្នកនាងបន្តថា “ដំណើរទស្សនកិច្ចនេះ នឹងជាឳកាសសម្រាប់ប្រទេសទាំងពីរ អ្នក​វិនិយោគប្រទេសទាំងពីរ អាចស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតនាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here