ដោយ : គង់ សូរិយា
ភ្នំពេញ : ស្របពេលដែលវិស័យឧស្សាហកម្មកាន់តែរីកចម្រើន ខេត្តតាកែវដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ក៏កំពុងទទួលបានផលប្រយោជន៍ពីវិស័យនេះផងដែរ ដោយមួយខែប្រជាជនក្នុងខេត្តនេះ ទទួលបានចំណូលប្រមាណ៨លានដុល្លារអាមេរិក។
អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ខេត្តតាមកែវកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នប្រជាពលរដ្ឋក្នុងខេត្តកាន់តែមានជីវភាពប្រសើរឡើង តាមរយៈការរីកចម្រើនវិស័យឧស្សាហកម្ម ដែលបច្ចុប្បន្នខេត្តមានរោងចក្រចំនួនជាង១៤០ទីតាំង និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួនជាង៤០,០០០នាក់ ហើយផ្តល់ចំណូលប្រមាណ៨លានដុល្លារក្នុងមួយខែ ដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ។
-->
លោកបន្តថា “ទន្ទឹមនឹងការរីកចម្រើនលើវិស័យនេះ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គម ខេត្តកំពុងទទួលបានកំនើនអ្នកវិនិយោគកាន់តែច្រើន”។លោកបន្តថា “ក្នុងនាមអាជ្ញាធរខេត្ត យើងស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ទិសទី ដើម្បីមកវិនិយោគក្នុងខេត្តជាមួយការសម្រួលធ្វើយ៉ាងណា ឲ្យបរិយាកាសវិនិយោគកាន់តែល្អប្រសើរ”។
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ -២០២៥ សំដៅធ្វើយ៉ាងណាជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងផ្លាស់ប្តូរទីផ្សារពលកម្មពីអតិពលកម្ម មកប្រើប្រាស់ពលកម្មជំនាញដែលទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់។

ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសិក្សាដើម្បីការអភិវឌ្ឍ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា ការដាក់ចេញគោលនយោបាយថ្មីនេះ ជាការរុញកម្ពុជាទៅកាន់លំដាប់ថ្មីមួយទៀត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន ព្រោះវាដូចជារថយន្តនិងម៉ូតូជាដើម វាមិនអាចរត់បានល្បឿនលឿនទៀតទេ បើយើងនៅតែប្រើប្រាស់វាដដែល ហេតុនេះ យើងត្រូវការអ្វីដែលថ្មី ប្រៀបដូចជាគោលនយោបាយថ្មីនេះ គឺជាការជួយជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើនបន្ថែមទៀត។
លោកបន្តថា “វាដល់ពេលដែលកម្ពុជាត្រូវពង្រីកមូលដ្ឋានឧស្សាហកម្ម ដើម្បីបង្កើត និងទាញយកតម្លៃបន្ថែមកាន់តែច្រើន ដើម្បីជំរុញសេដ្ឋកិច្ចសង្គមកម្ពុជាទៅកាន់លំដាប់ថ្មី និងមានការប្រកួតប្រជែងជាងមុន”៕